ខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ គប្បីរកចំណុចពិសេស ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញឱ្យរដ្ឋបាលខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ គប្បីរកចំណុចពិសេសរបស់ខ្លួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត ។

អាន:ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិសេសនៃវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅក្នុងរាជធានីភ្នំពេញ ដើម្បីទាក់ទាញអ្នកទេសចរឱ្យបានច្រើន ខណៈដែលសក្តានុពលតំបន់ទេសចរណ៍នៅរាជធានីភ្នំពេញ មានលក្ខណៈសម្បូរបែប ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ខណ្ឌនីមួយៗ គប្បីធ្វើការប្រកួតប្រជែងជំរុញវិស័យទេសចរណ៍ ដោយរកចំណុចពិសេសក្នុងខណ្ឌរបស់ខ្លួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ ជាក់ស្តែង តំបន់កោះដាច់ មានទាំងតម្បាញសូត្រ ទេសភាពដងទន្លេ និងវត្តអារាមចំណាស់ៗ ដែលអាចកែច្នៃ និងកែលម្អ ដើម្បីទាក់ទាញអ្នកទេសចរ ។

ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានសម្រេចរួមគ្នាកៀរគរថវិកា ដើម្បីសាងសង់អគារសិក្សាថ្មី ១ខ្នង នៅសាលាបឋមសិក្សាកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដោយអគារចាស់ មានសភាពទ្រុឌទ្រោម និងត្រូវបានទុកចោលយូរឆ្នាំមកហើយ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ ការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាមានចំនួន៤៧គម្រោង ជាមួយទុនវិនិយោគសរុបចំនួន ៧០៨លានដុល្លារអាម៉េរិក។

ដោយឡែកនៅក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជា ទទួលបានទេសចរមកទស្សនាសរុបចំនួន ៥,៥៧លាននាក់ ថយចុះជិត១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ភ្ញៀវចូលមកកម្ពុជាតាមផ្លូវអាកាសមានចំនួនជាងពាក់កណ្តាល ចំណែកអ្នកចូលតាមផ្លូវគោកមានចំនួន៤៧% និងផ្លូវទឹកចំនួនជិតតែ១,៦%ប៉ុណ្ណោះ ។

ទន្ទឹមនឹងនេះដែរ ក្នុងឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានធ្វើអាជ្ញាបណ្ណថ្មី និងបន្តជូនម្ចាស់រមណីយដ្ឋានទេសចរណ៍សរុបចំនួន៥៧ទីទាំង ក្នុងនោះ រមណីយដ្ឋានស្នើសុំថ្មីមាន៧ទីតាំង និងបន្តចំនួន៥០ទីតាំង ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ព្រឹទ្ធសភា

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner