អ៊ីរ៉ង់ ហៅ អឺរ៉ុប មកតវ៉ារឿងចាត់តាំងកងឆ្មាំបដិវត្តន៍អ៊ីស្លាម ជា “អង្គការភេរវករ”
តេហេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅបណ្តាឯកអគ្គរដ្ឋទូតមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប (EU) ដើម្បីសម្តែងការប្រឆាំងតវ៉ាយ៉ាងខ្លាំង ចំពោះការចាត់តាំងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ពួកគេ ជា “អង្គការភេរវករ” ។
បើតាមសារព័ត៌មានស៊ីនហួរចេញផ្សាយថ្ងៃទី៣ ខែកុម្ភៈ, ការកោះហៅនេះ ធ្វើឡើងដោយលោក Majid Takht Ravanchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ ដែលបានហៅការសម្រេចចិត្តរបស់សហភាពអឺរ៉ុបថា ជាការប្រមាថអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនបាន ។
ក្រៅពីស្រែកតវ៉ា ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសថា ប្រទេសរបស់លោកក៏ចាត់ទុកយោធាសហភាពអឺរ៉ុប ជា «ក្រុមភេរវករ» ផងដែរ ដើម្បីជាការសងសឹកបណ្តាប្រទេសក្នុងប្លុកនេះវិញ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់, ឯកអគ្គរដ្ឋទូតមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប បានផ្តល់ការធានាថា ពួកគេនឹងបញ្ជូនការតវ៉ារបស់អ៊ីរ៉ង់ទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ភ្លើងជម្លោះការទូតរវាងអឺរ៉ុប និងអ៊ីរ៉ង់ បានឆាបឆេះឡើងបន្ទាប់ពីក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប កាលពីសប្តាហ៍មុន បានសម្រេចចាត់តាំងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជី “អង្គការភេរវករ” របស់ប្លុកនេះជាផ្លូវការ ដើម្បីឆ្លើយតបរដ្ឋាភិបាលទីក្រុងតេហេរ៉ង់សម្លាប់ប្រជាជនខ្លួនឯងរាប់ពាន់នាក់ អំឡុងការតវ៉ាដ៏ហិង្សាថ្មីៗនេះ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
