អ៊ីស្រាអែលប្រាប់អាមេរិកថា អ៊ីរ៉ង់ មិនអាចទុកចិត្តបាន

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu បានប្រាប់ប្រេសិតអាមេរិក ថា អ៊ីរ៉ង់ មិនអាចទុកចិត្តបានទេ។

អំឡុងពេលកិច្ចប្រជុំ នៅទីក្រុងហ្សេរុយសាឡិម កាលពីថ្ងៃអង្គារ លោក Benjamin Netanyahu បានប្រាប់លោក Steve Witkoff បេសកកជនពិសេស របស់លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់ មិនអាចជឿទុកចិត្តបាន។ ជាការដាស់តឿន មុនពេលដែលមានកិច្ចប្រជុំ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ នៅសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍មួយ ចេញពីការិយាល័យ របស់លោក Netanyahu បានរៀបរាប់ដែរថា «មុនពេលដំណើរទស្សនកិច្ច របស់បេសកជន Witkoff ដើម្បីជួបជាមួយអ្នកតំណាងអ៊ីរ៉ង់ នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ ពីជំហររបស់លោកថា អ៊ីរ៉ង់បានបង្ហាញឱ្យឃើញ ម្តងហើយម្តងទៀតថា ការសន្យារបស់គេ មិនអាចជឿទុកចិត្តបាន»។

ការអះអាងនេះ ធ្វើឡើង ស្របពេលដែលអាមេរិក ហាក់នៅទ្រឹង មិនទាន់មានសកម្មភាព អ្វីជាដុំកំភួន លើអ៊ីរ៉ង់ បើទោះបីជា នាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿងប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន ក៏ដោយ។ ចុងក្រោយនេះ ភាគីទាំងពីរបានបង្ហាញជំហរ បើកផ្លូវចរចា ការទូត ឡើងវិញ។

យ៉ាងណា ទីក្រុងតេហេរ៉ង់ ធ្លាប់ព្រមានថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រៀមខ្លួនផ្ទុះអាវុធខ្លាំង ជាងពេលណាៗទាំងអស់ ដើម្បីការពារប្រទេស ជាពិសេស អ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិក និងអ៊ីស្រាអែលរងការឈឺចាប់មិនធ្លាប់មាន ចំពោះការឈ្លានពានណាមួយ ពីសត្រូវទាំងនេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner