កោះបាលី ឥណ្ឌូណេស៊ី ប្រឈមមុខនឹងវិបត្តិកាកសំណល់ធ្ងន់ធ្ងរ

ហ្សាកាតា ៖ កោះបាលី របស់ប្រទេសឥណ្ឌូណេស៊ី ដែលត្រូវបានគេចាត់ទុកថា ជាកោះមួយទាក់ទាញបំផុតក្នុងពិភពលោក និងជាគោលដៅទេសចរណ៍ក្រេបទឹកឃ្មុំនៅអាស៊ីនោះ បច្ចុប្បន្នកំពុងរងការគំរាមកំហែងពីវិបត្តិកាកសំណល់ នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ។

បើតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី៣ ខែកុម្ភៈ, ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានរិះគន់មិនសំចៃមាត់លើរដ្ឋបាលខេត្តបាលី ដែលបណ្តែតបណ្តោយឱ្យបញ្ហាកាកសំណល់កាន់តែអាក្រក់ទៅៗ និងបានព្រមានថា វាអាចនឹងធ្វើឲ្យអន្តរាយដល់វិស័យទេសចរណ៍ប្រទេសមួយនេះ ពិសេសប៉ះពាល់កេរ្តិ៍ឈ្មោះទូទាំងសកលលោក ។

ជាការឆ្លើយតប អភិបាលកោះបាលី លោក Koster បានប្រាប់មូលហេតុថា កត្តាតាមរដូវកាល ដូចជាចរន្តទឹកសមុទ្រក្នុងរដូវវស្សា គឺជាមូលហេតុចម្បងនៃការប្រមូលផ្តុំកាកសំណល់អណ្តែតមកលើឆ្នេររបស់កោះ ។

យ៉ាងណាមិញ លោកប្រធានាធិបតី Prabowo អះអាងថា បើសិនអាជ្ញាធរពាក់ព័ន្ធមិនអាចដោះស្រាយបញ្ហានេះបាន ដូច្នេះលោកនឹងបញ្ជាឱ្យមេបញ្ជាការយោធាស្រុក និងមេបញ្ជាការយោធាតំបន់ ចល័តកងទ័ពរបស់ពួកគេ ជារៀងរាល់ថ្ងៃ ឬច្រើនខែ ដើម្បីធ្វើរឿងនេះជំនួស ។

អនុវត្តតាមការណែនាំរបស់លោកប្រធានាធិបតី លោកអភិបាលកោះបាលី Koster បាននិយាយថា លោកនឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីត្រួតពិនិត្យតំបន់ឆ្នេរ និងតំបន់ទេសចរណ៍ផ្សេងទៀតនៅលើកោះបាលី ។

យោងតាមរបាយការណ៍របស់លោក Koster, កោះបាលី មានកាកសំណល់ដល់ទៅ ៣.៥០០តោនក្នុងមួយថ្ងៃ ក្នុងនោះប្រហែល ១៧ភាគរយជាប្លាស្ទិក ខណៈដែលទីតាំងចាក់សំរាមនៅតំបន់មួយចំនួន ជិតដល់កម្រិតអតិបរមាហើយ ។

គួរបញ្ជាក់ថា កោះបាលី បានស្រូបទាញភ្ញៀវទេសចរបរទេសមកលេងកម្សាន្តប្រហែល ៦,៩៥លាននាក់ កើនឡើងជិត ១០ភាគរយ ក្នុងឆ្នាំ២០២៥ ធ្វើឱ្យកោះរបស់ឥណ្ឌូណេស៊ីមួយនេះ នៅតែជាទិសដៅទេសចរណ៍កំពូលមួយរបស់អាស៊ីអាគ្នេយ៍ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner