យន្តហោះ Boeing 737 MAX នឹងចេញដឹកអ្នកដំណើរនៅកម្ពុជា នៅឆ្នាំ ២០៣១
ក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានប្រកាសនៅថ្ងៃទី៣ ខែមករាថា យន្តហោះ Boeing 737 MAX ចំនួន ២០គ្រឿង ដែលកម្ពុជាបានបញ្ជាទិញពីសហរដ្ឋអាមេរិក នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ៥ឆ្នាំទៀត ពោលគឺក្នុងអំឡុងឆ្នាំ ២០៣១ ខាងមុខ។
យន្តហោះ Boeing 737-8 ជាប្រភេទយន្តហោះពាណិជ្ជកម្មដែលហោះហើរក្នុងចម្ងាយធម្យម គឺក្នុងរង្វង់ ៦,៤៨០ គីឡូម៉ែត្រ និងអាចផ្ទុកអ្នកដំណើរ ១៧៨ នាក់។ យន្តហោះនេះអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នបាន ២០ភាគរយ បើប្រៀបធៀបទៅនឹងយន្តហោះជំនាន់មុន។
ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ថ្មីៗនេះ បានបញ្ជាទិញយន្តហោះ Boeing 737 Max 8 ចំនួន ២០គ្រឿង ពីសហរដ្ឋអាមេរិក និងយន្តហោះ COMAC C909 ចំនួន ២០គ្រឿង ពីប្រទេសចិន។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានេះ ចាត់ទុកថា ការបញ្ជាទិញថ្មីៗនេះ បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យហោះហើរនៅកម្ពុជា។
បើតាមអាកាសចរណ៍ជាតិនៃកម្ពុជា ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៦ បានតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសកលលោក ទៅកាន់ ៥២ទីក្រុង និង ១៨ប្រទេស និងតំបន់រដ្ឋបាលពិសេស។ អ្នកធ្វើដំណើរចំនួន៧លាននាក់ បានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានទាំងបីរបស់កម្ពុជា កើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០២៤៕ខន ណារី AMS
