ឯកឧត្តម សុក ស៊ីផាន់ណា ចែករំលែកទស្សនទានពីកិច្ចព្រមព្រៀងពន្ធគយបដិការ កម្ពុជា–អាមេរិក
ខណៈពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទិសដៅនៃគោលនយោបាយសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ នៅវិមានរដ្ឋសភា ឯកឧត្តទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា បានអញ្ជើញធ្វើជាវាគ្មិនកិត្តិយស ក្នុងបាឋកថាមួយក្រោមប្រធានបទ «កិច្ចព្រមព្រៀងកម្ពុជា–សហរដ្ឋអាមេរិក ស្តីពីការកំណត់ពន្ធគយទៅវិញទៅមក»។
នៅក្នុងបាឋកថាចំពោះមុខសមាជិករដ្ឋសភា និងមន្ត្រីជំនាញជាច្រើនរូប ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍សេដ្ឋកិច្ចសកល ដោយផ្អែកលើសូចនាករថ្មីៗនៃរដ្ឋបាលអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ ជាពិសេសគោលនយោបាយ “America First” ដែលផ្តោតលើការអនុវត្តពន្ធគយបដិការ។
ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពន្ធគយទៅវិញទៅមកនេះ អាចផ្តល់ឱកាសថ្មីៗដល់កម្ពុជា ប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈម ដែលត្រូវការការត្រៀមខ្លួន និងការគិតគូរយ៉ាងហ្មត់ចត់ផងដែរ។
ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ឯកឧត្តមបានចែករំលែកយុទ្ធសាស្ត្រពិពិធកម្មទីផ្សារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ ឬពីរ។ ក្នុងនោះ ឯកឧត្តមបានលើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CPTPP) ដែលជាទីផ្សារស្តង់ដារខ្ពស់មួយក្នុងពិភពលោក ដើម្បីទាក់ទាញវិនិយោគទុនធំៗ ពង្រឹងកិត្តិនាម និងបង្កើនទំនុកចិត្តលើឆាកអន្តរជាតិ។
នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជំហរដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាតុល្យភាពអំណាច ដោយប្រកាន់ខ្ជាប់នយោបាយ “មិត្តច្រើន ខ្មាំងសូន្យ”។ ឯកឧត្តមបានលើកឡើងថា ចិននៅតែជាបង្អែកយុទ្ធសាស្ត្រសំខាន់លើខ្សែច្រវាក់ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្ទាល់ ខណៈដែលសហរដ្ឋអាមេរិក ក៏ជាមិត្ត និងជាទីផ្សារនាំចេញសក្ដានុពល ដែលកម្ពុជាត្រូវបន្តថែរក្សា តាមរយៈការចរចាប្រកបដោយវិជ្ជាជីវៈ និងភាពបត់បែន។
ជាមួយគ្នានេះ ឯកឧត្តម សុក ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណែទម្រង់ផ្ទៃក្នុង ការពង្រឹងប្រព័ន្ធច្បាប់ និងតម្លាភាព ដើម្បីកសាងកិត្តិនាមជាតិ និងម៉ាកសញ្ញាកម្ពុជា ជាប្រទេសគោរពច្បាប់ និងជាទិសដៅវិនិយោគ ដែលមានសុវត្ថិភាព សម្រាប់ក្រុមហ៊ុនលំដាប់ពិភពលោក។
ជារួម បាឋកថារបស់ឯកឧត្តមបានបញ្ជូនសារយ៉ាងច្បាស់ថា «ការកែទម្រង់ផ្ទៃក្នុង គឺជាគ្រឹះ ហើយការទូតសេដ្ឋកិច្ចបត់បែន គឺជាដំបូល”។
កម្ពុជានាពេលបច្ចុប្បន្ន មិនមែនជាប្រទេសរង់ចាំជំនួយទៀតឡើយ ប៉ុន្តែកំពុងក្លាយជាដៃគូយុទ្ធសាស្ត្រ ដែលមានតម្លៃ និងសមត្ថភាពឈរជើងយ៉ាងរឹងមាំក្នុងតុល្យភាពអំណាចសកល សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនទាំងមូល៕
ដោយ៖ ហេង សម្បត្តិ & ថេត វិចិត្រ















