រដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ

ភ្នំពេញ៖ប្រមុខរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងព្រឹទ្ធសភានៃ​សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានបង្ហាញនូវការ​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធឡើងស្រប​តាម​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានឈរយ៉ាង​រឹងមាំ ឈ្មោះត្រង់ ជឿទុកចិត្តគ្នា ក្នុងការស្វែង​រកផលប្រយោជន៍ជូន​ពលរដ្ឋទំាងសងខាង។

កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦សម្តេចមហារដ្ឋសភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី (Syed Yusaf Raza Gilani) ប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន បានជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមប្រធានបានដឹកនាំគណៈប្រតិភូ​បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជាតប​តាមការ​អញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍ចំពោះវត្តមានឯក​ឧត្តមប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន និងបានចាត់ទុកវត្តមាន ឯកឧត្តម​នៅកម្ពុជាជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់​ទំនង​រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា(ISC) កាលពីខែវិច្ឆិកាកន្លងទៅ ដែលសន្និសីទនេះក៏បានចេញសេចក្តី​ប្រកាសគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និង​បានជំរុញឱ្យភាគីទាំងពីរ អនុវត្តកិច្ចព្រមព្រៀងនោះ ឱ្យមានប្រសិទ្ធ​ភាព​ខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងគ្នា។

ចំណែកឯកឧត្តមប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យនៅកម្ពុជា និងបានគូសបញ្ជាក់ថា ឯកឧត្តម​បាន​អញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលគឺ​តាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេល​នោះឯកឧត្តម​ក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា និងលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុង​នាម​ឯកឧត្តមជាប្រធាន​ព្រឹទ្ធសភាប៉ាគីស្ថាន។

សម្ដេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានក៏បានពិភាក្សាបន្ថែមទៀតទៅលើការជំរុញ និងពង្រីកកិច្ច​សហប្រតិ​បត្តិការ រវាងរដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថាន ក្នុងការលើក​កម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ដែលជាមូលដ្ឋានគ្រឹះក្នុងការឈានដល់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅលើវិស័យនានា មានដូចជាវិស័យ​ពាណិជ្ជ​កម្ម ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន និងកសិកម្មជាដើម។

រដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថាន នឹងជំរុញឱ្យមានកិច្ច​សហ​ប្រតិបត្តិការ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំកំពូល ក្រុមមិត្តភាពនិងកម្រិតអគ្គលេខា​ធិការដ្ឋាន។

ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានឯកភាពគ្នាពីសារៈសំខាន់នៅក្នុងការគោរពច្បាប់អន្តរជាតិ ការគោរព ឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ជំរុញសុខសន្តិភាព វិបុលភាពមនុស្សជាតិ។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើផងដែរសុំឱ្យ​ប៉ាគីស្ថាន​ពិចារណានៅក្នុងការផ្សារភ្ជាប់ជើងហោះហើរត្រង់រវាង​ប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ សន្និសីទ ប្រធានសភានៃអន្តរសភា ថាជាវេទិកាអន្តរសភាមួយដ៏​មានសារៈ​សំខាន់​នៅក្នុងការលើកកម្ពស់វប្បធម៌សន្ទនា ការកសាងទំនុក​ចិត្ត​និងការយោគយល់គ្នាដើម្បីផលប្រយោជន៍រួម នៅក្នុងកាលៈទេសៈ​ដែលសកលលោកកំពុងប្រឈមការគំរាមកំហែងបញ្ហាជាច្រើនទំាងភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចជាដើមនោះ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីសុខដុមនីយកម្មសាសនា នៅកម្ពុជា ដែលបានដើរតួនាទីដ៏សំខាន់ សម្រាប់សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី បាន​ប្រកាសថាប៉ាគីស្ថាន គាំទ្រកម្ពុជាដើម្បីក្លាយជាសមាជិក​អង្គការ​ឥស្លាម (OIC)។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា កម្ពុជានឹងបើក​ស្ថាន​ទូតជាផ្លូវការនៅប៉ាគីស្ថានក្នុងពេលឆាប់ៗនេះ៕

ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner