អ៊ីរ៉ង់ ថា នៅតែចរចាជាមួយអាមេរិក ទោះមានការបាញ់ទម្លាក់ដ្រូន
តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានអះអាងថា គម្រោងជួបចរចា ជាមួយអាមេរិក នឹងប្រព្រឹត្តទៅ តាមផែនការ ដែលបានគ្រោងទុក បើទោះបីជា យោធាអាមេរិក ទើបតែបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់។
នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X កាលពីថ្ងៃពុធ, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា កិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ត្រូវបានកំណត់ពេល សម្រាប់ថ្ងៃសុក្រ នៅក្នុងទីក្រុង Muscat ប្រទេសអូម៉ង់។ យ៉ាងណា ក្រុមអ្នកការទូត ធ្លាប់បាននិយាយ កាលពីមុនថា កិច្ចប្រជុំ នឹងរៀបចំធ្វើ នៅក្នុងប្រទេសតួកគី។
ការបញ្ជាក់របស់អ៊ីរ៉ង់ បានធ្វើឡើង បន្ទាប់ពីយន្តហោះចម្បាំង F-35C បានបោះពួយ ចេញពីនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។ មន្ត្រីអាមេរិក អះអាងថា ជាការបាញ់ទម្លាក់ ដើម្បីការពារនាវា និងកងកម្លាំងយោធា ពោល គឺ បន្ទាប់ពី ដ្រូនប្រភេទ Shahed-139 មួយគ្រឿងនេះ បានគឃ្លើន ហោះចូលទៅជិតនាវាអាមេរិក នៅក្នុងសមុទ្រអារ៉ាប់ ដោយមិនដឹងមូលហេតុ។
នេះគឺជាប្រតិបត្តិការយោធា លើកដំបូង របស់នាវាខ្នាតយក្សប្រភេទនេះ ទៅលើអ៊ីរ៉ង់ តាំងពី USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត