វិមានក្រឹមឡាំង ព្រមានថា ពិភពលោកនឹងគ្រោះថ្នាក់ បើ រុស្ស៊ី-អាមេរិក មិនបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ
មូស្គូ ៖ វិមានក្រឹមឡាំងព្រមានកាលពីថ្ងៃអង្គារថា ពិភពលោកនឹងប្រឈមមុខនូវស្ថានភាពដ៏គ្រោះថ្នាក់ជាងពីមុន ប្រសិនបើរុស្ស៊ី និងសហរដ្ឋអាមេរិក ខកខានបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ។
បើតាមសារព័ត៌មានស៊ីនហួរ, សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ហៅកាត់ New START គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកចុះហត្ថលេខាក្នុងឆ្នាំ ២០១០ ហើយចូលជាធរមាននៅឆ្នាំ ២០១១ ។
សន្ធិសញ្ញានេះបង្កើតឡើងក្នុងគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ក៏ដូចជាប្រព័ន្ធចែកចាយយុទ្ធសាស្ត្ររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ។
យ៉ាងណា សន្ធិសញ្ញាដែលនៅសល់រវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ក្រោយទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមក្នុងឆ្នាំ ២០១៩ មួយនេះ នឹងផុតសុពលភាពនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះហើយ ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ទាន់ពេលសន្ធិសញ្ញានេះនៅសល់ដង្ហើមតិចតួច លោកប្រធានាធិបតី Vladimir Putin បានដាក់សំណើមួយដើម្បីបន្តសុពលភាពរបស់វា ។
លោកថា ក្នុងករណីដែលអាមេរិកខកខានបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នោះពិភពលោកនឹងប្រឈមមុខនូវស្ថានភាពដ៏គ្រោះថ្នាក់យ៉ាងខ្លាំងដល់សន្តិសុខ និងយុទ្ធសាស្ត្រសកល ។
លោក Peskov បញ្ជាក់ថា សំណើរបស់រុស្ស៊ីនៅតែស្ថិតនៅលើតុ ហើយរង់ចាំតែការឆ្លើយតបរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។
យ៉ាងណា មកទល់នឹងពេលនេះ អាមេរិកមិនទាន់ឆ្លើយតបនឹងសំណើររបស់រុស្ស៊ីនៅឡើយទេ ៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា