កម្ពុជានឹងប្រជុំជាមួយអង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោកទាក់ទងនឹងថៃ បំផ្លាញប្រាង្គប្រាសាទខ្មែរ
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការបំផ្លិចបំផ្លាញប្រាង្គប្រាសាទ ទីបុរាណដ្ឋាន និងទីតាំងវប្បធម៌របស់ខ្មែរ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ។ទន្ទឹមនេះកម្ពុជា ក៏នឹងជួបប្រជុំជាមួយអង្គការយូណេស្កូ ក៏ដូចជាគណៈកម្មការបេតិកភណ្ឌពិភពលោក ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទរបស់ខ្មែរ ដោយយោធាថៃនាពេលខាងមុខនេះដែរ ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្ដែងសោកស្ដាយជាមួយអាជ្ញាធរជាតិព្រះវិហារ ដែលការអនុវត្តក្នុងការអភិរក្ស និងថែរក្សាប្រាង្គប្រាសាទ តែត្រូវបានរាំងស្ទះដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ ។
លោកជំទាវបញ្ជាក់ថា ការខូចខាតប្រាង្គប្រាសាទរបស់ខ្មែរ មិនមែនតែប្រាសាទព្រះវិហារទេ ក្នុងនោះក៏មានប្រាសាទតាក្របី ដែលឈរមករាប់ពាន់ឆ្នាំទៅហើយ បានរងការបំផ្លាញស្ទើរទាំងស្រុងដោយការបាញ់ប្រហារយ៉ាងសប្បាយចិត្តពីយោធាថៃ ហើយក៏មានប្រាសាទតាមាន់ធំ ប្រាសាទខ្នារ និងស្ពានទ័ព ជាដើម ។ប៉ុន្តែបើតាមការចុះទៅពិនិត្យកំណត់ហេតុ គឺនៅមានប្រាសាទជាច្រើនទៀតនៅតាមបណ្ដោយព្រំដែនក៏មានការខូចខាតដែរ ។
ទន្ទឹមនេះលោកជំទាវរដ្ឋមន្ត្រី បានជំរុញដល់ស្ថាប័នពាក់ព័ន្ធ ចងក្រងជាឯកសារ និងភស្តុតាងអំពីការឈ្លានពាន និងការបំផ្លិចបំផ្លាញប្រាសាទ ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដោយបង្កើតនូវផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែង ក្នុងការស្រាចស្រង់ប្រាសាទ តាមរយៈការប្រជុំជាមួយអង្គការយូណេស្កូ ក៏ដូចជាកិច្ចប្រជុំជាមួយគណៈកម្មការបេតិកភណ្ឌពិភពលោក នាពេលខាងមុខ ។លោកជំទាវរដ្ឋមន្រ្តីពុំបានបញ្ជាក់អំពីកាលបរិច្ឆេទនៃកិច្ចប្រជុំដែលគ្រោងនឹងធ្វើនោះទេ។តែទន្ទឹមលោកជំទាវបន្ថែមថា ក្រសួងវប្បធម៌ ក៏បានដាក់ចេញនូវវិធានការជាច្រើន ទាំងគម្រោងបច្ចេកទេស ការទូត និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជំនាញនានា ទាំងជាតិ និងអន្តរជាតិ ដូចជាអង្គការយូណេស្កូជាដើម ។
សូមជម្រាបថា សន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ បានប្រារព្ធបើកកាលពីថ្ងៃទី៤ ខែកុម្ភៈ ៕






ដោយ៖វណ្ណលុក
រូបភាព៖គ្រី សម្បត្តិ