ថៃ ពីប្រទេស “ខ្លាសេដ្ឋកិច្ច” ធ្លាក់ខ្លួនជា “អ្នកជំងឺអាស៊ាន” បន្ទាប់ពីបង្កជម្លោះជាមួយ កម្ពុជា

ថៃដែលធ្លាប់ល្បីរន្ទឺជាប្រទេសខ្លាសេដ្ឋកិច្ចលំដាប់ទី ២ នៅតំបន់អាស៊ាន កំពុងបាក់ចង្កូមធ្លាក់ខ្លួនក្លាយជា “អ្នកជំងឺអាស៊ាន” ។

“អ្នកជំងឺអាស៊ាន” គឺសំដៅទៅលើប្រទេសណាមួយក្នុងប្លុកមួយនេះ កំពុងជួបប្រទះនូវសេដ្ឋកិច្ចដាំក្បាលចុះក្រោម ការបែកបាក់ផ្ទៃក្នុង ភាពចលាចលក្នុងសង្គម ឬភាពក្រីក្រជាដើម ។

លោក Burin Adulwattana ប្រធានសេដ្ឋវិទូនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn និយាយថា មូលហេតុដែលថៃធ្លាក់ខ្លួនក្លាយជា “អ្នកជំងឺអាស៊ាន” ដោយសារតែកត្តាមួយចំនួន ។ ហើយនោះគឺសម្ពាធសេដ្ឋកិច្ចដែលកើតចេញពីជម្លោះព្រំដែនជាមួយកម្ពុជា ។

បើតាមកាសែត Bangkok Post, ចាប់តាំងពីផ្ទុះជម្លោះជាមួយកម្ពុជាកាលពីចុងខែឧសភា ឆ្នាំ២០២៥ មក ទំហំពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងកម្ពុជា សម្រេចបានត្រឹមជាង ២,៩០០ លានដុល្លារប៉ុណ្ណោះ ពោលធ្លាក់ចុះជាង ៤៧ ភាគរយ ។

ការធ្លាក់ចុះនេះកើតមានឡើង បន្ទាប់ពីប្រទេសថៃសម្រេចបិទច្រកព្រំដែនគោកជាឯកតោភាគី ហើយកម្ពុជាឆ្លើយតបវិញដោយ ដាក់បម្រាមនាំចូលទំនិញមួយចំនួនពីប្រទេសថៃ ស្របពេលដែលទំនិញថៃជាច្រើនទៀត ក៏ត្រូវបានប្រជាពលរដ្ឋកម្ពុជាធ្វើពហិការផងដែរ ។

ជាមួយគ្នានេះ ជម្លោះព្រំដែនជាមួយកម្ពុជា ក៏ធ្វើឲ្យថៃបាត់បង់ភ្ញៀវទេសចរមកលេងកម្សាន្តដូចគ្នា ។ កាលពីឆ្នាំ ២០២៥ ថៃទទួលបានភ្ញៀវទេសចរបរទេសត្រឹមជិត ៣៣ លាននាក់ប៉ុណ្ណោះ ពោលធ្លាក់ចុះ ៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ដោយសារតែក្តីបារម្ភអំពីសុខសុវត្ថិភាព និងការឆបោកតាមអនឡាញជាដើម ។

ទន្ទឹមនោះ វិបត្តិបំណុលគ្រួសារក៏នាំឲ្យថៃជួបបញ្ហាខ្វិនសេដ្ឋកិច្ច និងធ្លាក់ខ្លួនជាអ្នកជំងឺអាស៊ានផងដែរ ។ បើតាមកាសែត The Nation, បំណុលគ្រួសារនៅក្នុងប្រទេសដែលមានប្រជាជនជាង ៧១ លាននាក់មួយនេះ កំពុងហក់ឡើងជិត ៩០ ភាគរយ ដែលជាវិបត្តិមិនធ្លាប់មាន ចាប់តាំងពីមុនកូវីដ ។

បើតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF, បញ្ហាទាំងអស់នេះនាំឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះមានត្រឹមតែ ១.៨ ភាគរយប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗរបស់អាស៊ាន ។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងករណីដែលថៃបន្តជួបរឿងកម្សោយសេដ្ឋកិច្ចបែបបនេះទៀត ថៃនឹងស្ថិតនៅបាតតារាងជាប្រទេសមានសេដ្ឋកិច្ចអន់ជាងគេបំផុតក្នុងតំបន់ រហូតដល់ឆ្នាំ ២០៣០ ។ កត្តានេះនឹងទាញទម្លាក់ថៃដែលជាប្រទេសមានសេដ្ឋកិច្ចធំទី ២ នៅអាស៊ាន មកកាន់លំដាប់ទី ៥ ។

លោក Pipat Lueng Narue Mitchai ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនហិរញ្ញវត្ថុ Kiatnakin Phatra ព្រមានថា ប្រសិនបើថៃមិនមានកំណែទម្រង់ទាន់ពេលទេនោះ សេដ្ឋកិច្ចថៃនឹងបៀមជាប់វិបត្តិរ៉ាំរ៉ៃ ស្របពេលដែលហិរញ្ញវត្ថុក្នុងប្រទេសជាតិក៏កំពុងជួបបញ្ហាស្រាប់ផង ៕

ប្រភព ៖ Bangkok Post – The Nation ប្រែសម្រួល ៖ សុខ ជីវ័ន្ត

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner