ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់សេវាពិនិត្យ និងព្យាបាលជាង១,៤លានករណី ដោយចំណាយអស់៤៦លានដុល្លារ

កាលពីឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួនជាង ១,៤លានករណី គឺកើនឡើង២៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះ ភាគច្រើនគឺជាការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ដែលមានរហូតដល់ ១,០៧លានករណី។

នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានបង្ហាញកាលពីថ្ងៃទី៤កុម្ភៈនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានេះ។

មូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា កាលពីឆ្នាំមុន ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាមានចំនួនជាង ២៣ម៉ឺននាក់។ មន្ទីរពេទ្យក៏បានទទួលព្យាបាលកុមារឆ្លងជំងឺគ្រុនឈាមចំនួនជិត ២៣ ០០០នាក់, កុមារដែលត្រូវព្យាបាលនិងវះកាត់ទូទៅចំនួនជិត ៣៥ ០០០នាក់
និងកុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ចំនួនជាង ១ ០០០ នាក់។

ដោយឡែក ស្ត្រីមានផ្ទៃពោះដែលបានមកទទួលសេវាពិនិត្យ និងតាមដាននៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបមានចំនួនជាង ១០ម៉ឺនករណី និងសម្រាលកូន ចំនួនជាង ២៥ ០០០នាក់។

ជាមួយនឹងលទ្ធផលខាងលើ, មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ៤៦ លានដុល្លារ អាម៉េរិក ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភព ជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ក្នុងឆ្នាំ២០២៥ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានភារកិច្ចកៀរគចំណូលសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
មានចំណូលសរុបចំនួនជាង ២៩ លានដុល្លារអាម៉េរិក គឺកើនឡើង ៦% បើធៀបនឹង ឆ្នាំ២០២៤។ ចំណូលទាំងនេះទទួលបានវិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល, វិភាគទាន ចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា, ការកាត់កម្រៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, និងការបរិច្ចាគរបស់ សប្បុរសជនជាង៤០ម៉ឺននាក់។

ក្រៅពីនេះ មូលនិធិទទួលបានចំណូលពីប្រភពផ្សេងៗទៀត ជាពិសេសពីការបរិច្ចាគក្នុងទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner