អ៊ីរ៉ង់ សម្ញែងមូលដ្ឋានមីស៊ីលក្រោមដីថ្មី កម្លាសហរដ្ឋអាមេរិក
តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃពុធ បានសម្ញែងពីមូលដ្ឋានស្តុកទុកមីស៊ីលក្រោមដីថ្មីមួយកន្លែង ចំពេលមានភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិក ។
បើតាមសារព័ត៌មាន CGTN ចេញផ្សាយថ្ងៃទី៥ ខែកុម្ភៈ, នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ឯក Abdolrahim Mousavi និង មេបញ្ជាការនៃកងទ័ពអវកាសរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC លោក Seyed Majid Mousavi បានចុះត្រួតពិនិត្យមូលដ្ឋានមីស៊ីលក្រោមដីថ្មីនេះ ក្នុងគោលបំណងត្រួតពិនិត្យពីវឌ្ឍនភាព និងការត្រៀមខ្លួននៃអង្គភាពយុទ្ធសាស្រ្ត ។
យោងតាមទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Fars, មេទ័ពធំអ៊ីរ៉ង់ លោក Mousavi បានថ្លែងនៅឯមូលដ្ឋាននេះថា អ៊ីរ៉ង់បានចាត់វិធានការនានា ដើម្បីបង្កើនសមត្ថភាព និងពង្រឹងភាពខ្លាំងទប់ទល់នឹងសត្រូវរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មមីស៊ីលបាលិស្ទីគគ្រប់ប្រភេទ ។
លោកបានព្រមានថា អ៊ីរ៉ងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបការឈ្លានពានពីសត្រូវ ។ តួយ៉ាង បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃ ជាមួយអ៊ីស្រាអែលកាលពីខែមិថុនាឆ្នាំមុន យើងបានផ្លាស់ប្តូរគោលលទ្ធិយោធារបស់យើង ពីការការពារទៅការវាយលុក ។
ការព្រមានរបស់មេទ័ពធំអ៊ីរ៉ង់ ធ្វើឡើងស្របពេលមានភាពតានតឹងខ្លាំងរវាងអ៊ីរ៉ង់ និងអាមេរិក ខណៈដែលវត្តមានយោធារបស់ទីក្រុងវ៉ាស៊ីនតោននៅជិតអ៊ីរ៉ង់ និងការបង្កើនវោហាសាស្រ្តសម្លុតគំរាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ដែលទាមទារឱ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ឬចង់ប្រឈមមុខនឹងការវាយប្រហារ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា