កម្ពុជាមានដីអំណោយផលច្រើនសម្រាប់ដាំស្វាយចន្ទី បង្កើនចំណូលគ្រួសារ
ដីល្បាយខ្សាច់មិនជាប់ទឹក និងដីគ្មានជីជាតិសម្រាប់ដំណាំទូទៅ គឺជាប្រភេទដី ដែលមានលក្ខណៈអំណោយផលសម្រាប់ដាំស្វាយចន្ទី។ អ្នកជំនាញណែនាំថា ប្រជាកសិករគួរងាកមកជ្រើសរើសដាំដំណាំនេះជំនួសវិញ ព្រោះវាអាចផ្តល់ទិន្នផលខ្ពស់ និងមានសក្តានុពលទីផ្សារល្អ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា ការដាំស្វាយចន្ទីលើដីគ្មានជីជាតិ ជាពិសេសដីល្បាយខ្សាច់មិនជាប់ទឹក អាចប្រមូលផលបានចន្លោះពី ៨០០គីឡូ ទៅ ២តោនកន្លះក្នុងមួយហិកតា។ ចំណែកដីមានជីជាតិល្អ ដូចជាដីក្រហមវិញ អាចផ្តល់ទិន្នផលចាប់ពី ៣ ទៅ ៤តោនក្នុងមួយហិកតា។

លោកបញ្ជាក់ថា ចំពោះដីអន់ដែរ តែជាំទឹក គឺមិនសមស្របសម្រាប់ដាំស្វាយចន្ទីឡើយ ហើយដីប្រភេទនេះភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់។ ចំណែកខេត្តដែលមានដីល្បាយខ្សាច់មិនជាប់ទឹក ទោះបីគ្មានជីជាតិក៏ដោយ ប៉ុន្តែអំណោយផលសម្រាប់ដាំស្វាយចន្ទី មាននៅខេត្តមួយចំនួនដូចជា កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងរតនគិរី។

ក្រៅពីនេះ លោក អួន ស៊ីឡុត បានឱ្យដឹងថា ដំណាំស្វាយចន្ទីអាចចាប់ផ្តើមប្រមូលផលចាប់ពីអាយុ ២ឆ្នាំ ឡើងទៅ។ ទិន្នផលនៅឆ្នាំដំបូងមានចន្លោះពី ២០០ ដល់ ៣០០គីឡូក្រាមក្នុងមួយហិកតា ហើយចន្ទីមួយដើមអាចផ្តល់ផលរយៈពេលរហូតដល់ទៅ ២០ឆ្នាំ។ លោកបញ្ជាក់ថា លុះត្រាស្វាយចន្ទីស្រស់មានតម្លៃចាប់ពី ៣ ៥០០រៀលក្នុងមួយគីឡូក្រាមឡើងទៅ ទើបកសិករអាចរួចថ្លៃដើមផលិត ហើយបើតម្លៃខ្ពស់ជាងនេះ គឺអាចរកប្រាក់ចំណេញបាន។ សម្រាប់ដើមឆ្នាំ២០២៦នេះ ស្វាយចន្ទីស្រស់ល្អមានតម្លៃចន្លោះពី ៧ ៣០០ ដល់ ៧ ៤០០រៀលក្នុងមួយគីឡូក្រាម។

ការដាំស្វាយចន្ទីទាមទារការជ្រើសរើសពូជល្អ រៀបចំដីត្រឹមត្រូវ ព្រមទាំងការយល់ដឹងពីបច្ចេកទេសដាំដុះ ការតាក់តែងមែក និងការថែទាំ។ ជាទូទៅ ការតាក់តែងមែកធ្វើឡើងចាប់ពីខែកក្កដា រហូតដល់ចុងខែកញ្ញា ទើបចាប់ផ្តើមដាក់ជី ហើយការបាញ់ថ្នាំបំប៉ន គឺធ្វើឡើងនៅដើមខែតុលា។ ដំណាំស្វាយចន្ទីអាចប្រមូលផលបាន ៣ដងក្នុងមួយឆ្នាំ នៅអំឡុងខែមករា ដើមខែមីនា ឬខែមេសា និងខែឧសភា។

បច្ចុប្បន្ន ដំណាំស្វាយចន្ទីនៅកម្ពុជាប្រមាណ ៧០% ត្រូវបានដាំក្នុងទ្រង់ទ្រាយតូច ជាលក្ខណៈគ្រួសារ ខណៈប្រមាណ៣០%ទៀត ដាំលើដីសម្បទានរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមការបញ្ជាក់របស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។

ដោយឡែក ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះស្វាយចន្ទីទូទាំងប្រទេស មានប្រមាណជាង ៥៨ម៉ឺនហិកតា ក្នុងនោះ ខេត្តកំពង់ធំមានផ្ទៃដីច្រើនជាងគេ គឺប្រមាណជិត ១៥ម៉ឺនហិកតា បន្ទាប់មកគឺខេត្តក្រចេះ ជាង១០ម៉ឺនហិកតា និងខេត្តរតនគិរី ជិត ១០ម៉ឺនហិកតា។ យោងតាមក្រសួងកសិកម្ម ផ្ទៃដីដាំដុះស្វាយចន្ទីរបស់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក បន្ទាប់ពីប្រទេស កូដឌីវ័រ ដែលមានផ្ទៃដីដាំចន្ទីជាង១លានហិកតា បន្ទាប់មកគឺប្រទេសឥណ្ឌា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២កុម្ភៈកន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយ ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់អាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងពិភាក្សាស្វែងរកយន្តការជំរុញការអនុវត្តគោលនយោបាយជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាព។ លោកជំទាវរដ្ឋមន្ត្រីបានកត់សម្គាល់ពីសមិទ្ធផលល្អប្រសើរនៃការអនុវត្តគោលនយោបាយជាតិក្នុងរយៈពេល ២ឆ្នាំកន្លះកន្លងមកនេះ។
ដោយ៖ ម៉ាដេប៉ូ
