រុស្ស៊ីទិញយន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកចំនួន ១០០គ្រឿង
មូស្គូ ៖ ក្រុមហ៊ុនអាកាសចរណ៍ S7 Airlines របស់រុស្ស៊ី បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើររយៈចម្ងាយមធ្យម Tu-214 ដែលផលិតក្នុងស្រុករហូតដល់ ១០០គ្រឿង ហើយការចែកចាយនឹងចាប់ផ្តើមពីឆ្នាំ ២០២៩ តទៅ ។
បើតាមសារព័ត៌មានស៊ីនហួរ ចេញផ្សាយថ្ងៃទី៤ ខែកុម្ភៈ, S7 Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដ៏ធំបំផុតមួយរបស់ប្រទេសរុស្ស៊ី ដែលធ្វើប្រតិបត្តិការបណ្តាញផ្លូវហោះហើរក្នុងស្រុកយ៉ាងទូលំទូលាយ ជាមួយមជ្ឈមណ្ឌលធំៗនៅទីក្រុងមូស្គូ ណូវ៉ូស៊ីប៊ីស្កិ៍ និង អ៊ីឃូតស្កិ៍ ។
ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី S7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជាទិញនេះ នឹងជួយបំពេញតាមតម្រូវការប្រតិបត្តិការរបស់ខ្លួន ដោយយន្តហោះនីមួយៗត្រូវបានរចនាឡើង ដើម្បីផ្ទុកអ្នកដំណើររហូតដល់ ២១៣នាក់ ។
ជាមួយគ្នានេះ លក្ខណៈបច្ចេកទេស និងប្លង់កាប៊ីនរបស់យន្តហោះ ត្រូវបានអនុម័តរួចហើយ ដោយភាគីពាក់ព័ន្ធ ។ Tu-214 គឺជាយន្តហោះដឹកអ្នកដំណើរមានម៉ាស៊ីនភ្លោះផលិតដោយរុស្ស៊ី ដែលមានសមត្ថភាពហោះហើរបានចម្ងាយប្រមាណ ៤,៥០០គីឡូម៉ែត្រ ។
យន្តហោះដែលបម្រើការឱ្យ S7 គឺត្រូវតែឆ្លងកាត់ការកែប្រែបន្ថែមទៀត ដើម្បីឲ្យស្របតាមស្តង់ដារបច្ចេកទេស និងសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ។ យន្តហោះដំបូងត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមចែកចាយនៅឆ្នាំ ២០២៩ ។
បើតាមទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ, ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ១០៨,៩លាននាក់ ក្នុងឆ្នាំ ២០២៥ តួលេខនេះ ធ្លាក់ចុះ ២,៥% បើធៀបនឹងឆ្នាំ ២០២៤ ។
ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ៥ គឺ Aeroflot, S7, Rossiya, Pobeda និង Ural Airlines បានដឹកជញ្ជូនអ្នកដំណើរចំនួន ៧៦.៦លាននាក់ ដែលស្មើនឹង ៧០.៣% នៃចំនួនសរុបក្នុងឆ្នាំ ២០២៥ នេះបើយោងតាមសារព័ត៌មាន Interfax ៕
ប្រភព ៖ Xinhua និង Interfax ប្រែសម្រួល ៖ ឈឹម ទីណា