បារាំងរឹបអូសកូកាអ៊ីន ជាង៤តោន នៅប៉ាស៊ីហ្វិកខាងត្បូង
បរទេស ៖ កងទ័ពជើងទឹក របស់ប្រទេសបារាំង រឹបអូសបានកូកាអ៊ីន ជាង ៤ តោន នៅសមុទ្រ ប៉ាស៊ីហ្វិកខាងត្បូង។
រូបភាពដែលចេញផ្សាយ ដោយគណៈកម្មាធិការជាន់ខ្ពស់បារាំង នៅតំបន់ប៉ូលីណេស៊ី បង្ហាញឱ្យឃើញកងទ័ពជើងទឹកបារាំង រឹបអូសបាន កូកាអ៊ីន ៤.២៥ តោន ពីកប៉ាល់មួយគ្រឿង។ ប្រភពបាននិយាយថា កប៉ាល់នេះ មានប្រភព មកពីតំបន់អាមេរិកកណ្តាល ហើយត្រូវបានគេជឿថា បានភ្ជាប់ទៅនឹង ប្រទេស អាហ្វ្រិកខាងត្បូង មុនពេលដែល ត្រូវបានស្ទាក់ចាប់ ទាន់ពេលវេលា។
អង្គការសហប្រជាជាតិ បាននិយាយ នៅក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះថា ក្រុមឧក្រិដ្ឋកម្ម ដែលបានរៀបចំការជួញដូរកូកាអ៊ីន និងមេតំហ្វេតាមីន បានពង្រីកវត្តមានរបស់ពួកគេ នៅក្នុងសមុទ្រ ប៉ាស៊ីហ្វិក។ យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា គ្រឿងញៀនមួយចំនួនធំ ត្រូវបានដឹកជញ្ជូន ពីអាមេរិកខាងជើង និងខាងត្បូង សម្រាប់ទីផ្សារ អូស្ត្រាលី និងនូវែលសេឡង់ ជាសំខាន់។
តំបន់ ប៉ូលីណេស៊ី (Polynesia) របស់បារាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវសមុទ្រទាំងនេះ ត្រូវបានរងផលប៉ះពាល់។ ទោះបី ចំនួនប្រជាជន មានប្រមាណត្រឹមតែ ២៨ម៉ឺននាក់, ប៉ូលីណេស៊ី បានក្លាយជាគោលដៅចម្បង សម្រាប់ការជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត