បណ្ឌិត គិន ភា៖ កិច្ចប្រជុំកំពូលរវាងគណបក្សកាន់អំណាចទាំងបី គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា កិច្ចប្រជុំកំពូលរវាងគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា គណបក្សកម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ តែងតែត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានការផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះ ដោយកាលពីឆ្នាំទៅខាងវៀតណាមធ្វើជាម្ចាស់ផ្ទះ ហើយឆ្នាំនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនៃគណបក្សកាន់អំណាចនៃប្រទេសទាំងបី។ ឆ្នាំក្រោយបន្តទៅប្រទេសឡាវ គឺបន្តផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះ។ នេះក៏ជាយន្តការបន្ថែមទៅលើយន្តការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គឺយន្តការរវាងគណបក្ស និងគណបក្ស ដែលជាការរួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។
បណ្ឌិត គិន ភា បានកត់សម្គាល់ថា ប្រទេសដែលនៅក្បែរខាងគ្នា គឺគ្មានអ្វីដែលល្អជាងរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជាមាន ក៏ប៉ុន្តែត្រូវឈរលើគោលការណ៍គោរពនៅអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃរបស់ផងគ្នាទៅវិញទៅមក។ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក្នុងឋានៈជាប្រទេសសមាជិកអាស៊ានដូចគ្នា។ គោលការណ៍បច្ចសិលាសន្តិសហវិជ្ជាមានពិតជាមូលដ្ឋានគ្រឹះសម្រាប់រក្សាទំនាក់ទំនងការទូត ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ នៃប្រទេសទាំងបីដែលនៅក្បែរខាងគ្នា ក៏ដូចជាក្នុងការរក្សាស្ថេរភាពនៃទំនាក់ទំនងរវាងបណ្តាប្រទេសនានាទាំងនៅក្របខណ្ឌតំបន់ ក៏ដូចជាពិភពលោក។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍បន្តទៀតថា ក្រឡេកទៅមើលទំនាក់ទំនងរវាងកម្ពុជា ឡាវ និងវៀតណាម ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងបី គឺបន្តធ្វើពិពិធកម្មទាំងក្នុងក្របខណ្ឌទ្វេភាគីរវាងប្រទេសមួយៗ ជាត្រីភាគី និងពហុភាគី ដោយរក្សាបាននៅភាពរឹងមាំលើវិស័យដែលមានផលប្រយោជន៍រួមគ្នា។ ប្រទេសទាំងបីតែងតែរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមទាំងក្នុងក្របខណ្ឌតំបន់ ក៏ដូចជាក្របខណ្ឌអន្តរជាតិ ពង្រីកកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត និងគ្រប់វេទិកា ព្រមទាំងពង្រឹងការយោគយល់គ្នាឱ្យកាន់តែស៊ីជម្រៅដែលអនុញ្ញាតឲ្យប្រទេសទាំងបីសម្រេចបាននៅសមិទ្ធផលសំខាន់ៗបន្ថែមទៀតទាំងនៅក្នុងក្របខណ្ឌជាតិ ក៏ដូចជានៅលើឆាកអន្តរជាតិ៕
ដោយ៖ពលជ័យ
