ប្រមុខ UN ព្រមានថា ពិភពលោកប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរលើកដំបូងក្នុងពេល ៥០ ឆ្នាំ

ញូវយ៉ក ៖ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា ពិភពលោកកំពុងប្រឈមមុខជាមួយពេលវេលាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នៅពេលដែលគ្មានកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាលើកដំបូងក្នុងពេលជាង ៥០ឆ្នាំ ។

ការព្រមានរបស់លោក Guterres ធ្វើឡើង ក្រោយសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ហៅកាត់ New START ដែលចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ បានផុតសុពលភាពនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ។

សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតែមួយគត់ ដែលនៅសល់រវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ក្រោយទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមក្នុងឆ្នាំ ២០១៩ ។

សន្ធិសញ្ញានេះ បង្កើតឡើងក្នុងគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្ររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីឆ្នាំ ២០១១ ដោយមានរយៈពេលសុពលភាពដើម ១០ឆ្នាំ ហើយក្រោយមក ត្រូវបានពង្រីកទ្វេភាគីដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

យ៉ាងណា ភាគីនៃសន្ធិសញ្ញា New START ទាំងពីរមិនបានបន្តកិច្ចព្រមព្រៀងដើម្បីគ្រប់គ្រងអាវុធនុយក្លេអ៊ែរមួយនេះឡើងវិញនោះទេ ។
លោក Guterres និយាយថា នេះជាលើកដំបូងក្នុងពេលជាង ៥០ឆ្នាំ ដែលគ្រប់គ្នាប្រឈមមុខនឹងពិភពលោក គ្មានដែនកំណត់ណាមួយលើឃ្លាំងអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់រុស្ស៊ី និងអាមេរិក ដែលជារដ្ឋមានស្តុកអាវុធនុយក្លេអ៊ែរយ៉ាងច្រើនលើសលប់នៅទូទាំងពិភពលោក ។

លោក Guterres សង្កត់ធ្ងន់ទៀតថា ការរំលាយសមិទ្ធផលរាប់ទសវត្សរ៍នៃការគ្រប់គ្រងអាវុធ កើតឡើងចំពេលដ៏អាក្រក់រួចទៅហើយ ពោលគឺហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺខ្ពស់បំផុត ក្នុងពេលជាច្រើនទសវត្សរ៍ ។

ជាមួយគ្នានោះ ប្រមុខ UN វ័យ ៧៧ ឆ្នាំរូបនេះក៏បានជំរុញឲ្យរុស្ស៊ី និងអាមេរិក កុំបង្អង់យូរ ឆាប់ចរចាលើក្របខណ្ឌគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីផងដែរ ៕

ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner