អ៊ីរ៉ង់ រឹបអូសនាវា ២ គ្រឿង ដឹកប្រេង ១ លានលីត្រនៅឈូងសមុទ្រពែរ្ស
តេហេរ៉ង់ ៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានរឹបអូសនាវាពីរគ្រឿង ដឹកប្រេងប្រហែល ១លានលីត្រ នៅឈូងសមុទ្រពែរ្ស កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទថា ពួកវាបានរត់ពន្ធប្រេងឥន្ធនៈខុសច្បាប់ ។
យ៉ាងណាមិញ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មិនបានប្រាប់ឲ្យដឹង ថាតើនាវាលួចរត់ពន្ធប្រេងទាំងនោះ មានប្រភពមកពីប្រទេសណា ឬក៏ដោតទង់ជាតិអ្វីនោះទេ ។
លោកឧត្តមសេនីយ៍ Heidar Honarian Mojarrad មេបញ្ជាការកងទ័ពជើងទឹកប្រចាំតំបន់ នៃកងឆ្មាំបដិវត្តន៍ បាននិយាយថា នាវាដឹកប្រេងទាំងនោះ បានរត់ពន្ធប្រេងឥន្ធនៈប្រហែល ១លានលីត្រ រួមទាំងប្រេងម៉ាស៊ូត ហើយត្រូវបានរឹបអូសនៅជិតកោះ Farsi និងផ្ទេរទៅទីក្រុង Bushehr ។
លោកបន្តថា សមាជិកនាវិកចំនួន ១៥នាក់នៅលើនាវាដឹកប្រេងទាំងពីរ កំពុងស្ថិតក្រោមការឃុំឃាំងរបស់ស្ថាប័នតុលាការ ប៉ុន្តែលោកមិនបានទម្លាយឲ្យដឹងពីសញ្ជាតិរបស់ពួកគេឡើយ ។
សូមរម្លឹកថា កាលពីខែធ្នូ អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងបរទេសមួយគ្រឿង ខណៈពេលវាធ្វើដំណើរតាមច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz និងបានឃុំខ្លួននាវិកចំនួន ១៦ នាក់ ។ ហើយអ៊ីរ៉ង់ក៏បានរឹបអូសនាវាមួយគ្រឿងទៀតនៅច្រកសមុទ្រ Hormuz កាលពីខែវិច្ឆិកាផងដែរ ។
ប្រភព ៖ ABC News ប្រែសម្រួល ៖ ឈឹម ទីណា
