ប្រធានរដ្ឋឡាវអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (SISOULITH Thongloun) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជា ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ តបតាមការយាងអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យ រាជានុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ចូលគាល់ដើម្បីធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ ជាកិត្តិយសជូនឯកឧត្តមអគ្គលេខាធិការបក្សនៅព្រះបរមរាជវាំងផងដែរ ។
ឯកឧត្តមអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ គ្រោងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌ បព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏មានជំនួបកំពូលជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ ។ ក្រៅពីកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម ថងលុន ស៊ីសុលីត ក៏មានកម្មវិធីក្នុងក្របខណ្ឌបក្សនយោបាយផងដែរ ។
ប្រវត្តិសង្ខេបរបស់ឯកឧត្ដម ថងលុន ស៊ីសុលីត៖
ជីវិត, ការងារ, ការអប់រំ និងនយោបាយ៖ ឯកឧត្ដម ថងលុន ស៊ីសុលីត គឺជាអ្នកនយោបាយឡាវមួយរូប ដែលធ្លាប់បាន កាន់ តំណែងជានាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានាធិបតី ឬប្រធានរដ្ឋឡាវ។ មិនតែប៉ុណ្ណោះឯកឧត្ដម ក៏ជាសមាជិកលំដាប់លេខ រៀងទី៤ នៃការិយាល័យនយោបាយរបស់គណបក្សបដិវត្តន៍ប្រជាជនឡាវផងដែរ។
ឯកឧត្ដម ស៊ីសុលីត កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅក្នុងខេត្ត Houa Phan ប្រទេសឡាវ ។ ឯកឧត្ដម បានសិក្សា នៅឯសាលាគរុកោសល្យ Neo Lao Hak Sat ក្នុងខេត្ត Houa phan ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៩។ ឯកឧត្ដម បានទៅបន្តការ សិក្សានៅអតីតសហភាពសូវៀត និងប្រទេសវៀតណាម ហើយបរិញ្ញាបត្រធំៗ ដែលលោកទទួលបាននោះគឺ បណ្ឌិតខាង ទស្សនៈវិជ្ជា និងអនុបណ្ឌិតអក្សរសាស្ត្រ និងអក្សរសិល្ប៍ ។ ក្រៅពីភាសាឡាវ ឯកឧត្ដម ស៊ីសុលីត ក៏អាចនិយាយភាសារុស្ស៊ី វៀតណាម និងអង់គ្លេសផងដែរ ។
ឯកឧត្ដម ស៊ីសុលីត បានក្លាយជាអនុរដ្ឋមន្ត្រីការបរទេសឡាវ នៅឆ្នាំ១៩៨៧ ហើយក្រោយមកទៀត កាន់តំណែងជា រដ្ឋមន្ត្រីការងារ និងសុខមាលភាពសង្គម ព្រមទាំងជាប្រធាន គណៈកម្មាធិការកិច្ចការការបរទេស នៃសភាជាតិឡាវ ។
ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ឯកឧត្ដម ស៊ីសុលីត បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីឡាវ និងជាប្រធានគណៈកម្មាធិការផែន ការរដ្ឋ។ ពីឆ្នាំ២០០៦ ដល់ដើមឆ្នាំ២០១៦ ឯកឧត្ដម បម្រើការងារជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ហើយរហូត ដល់ខែមេសា ឆ្នាំ២០១៦ ទើបឯកឧត្ដម ស៊ីសុលីត ក្លាយជានាយករដ្ឋមន្ត្រីឡាវ រហូតដល់ឆ្នាំ២០២១ ។
នៅខែមីនា ឆ្នាំ២០២១ ឯកឧត្ដម បានជាប់ឆ្នោត ជាប្រធានាធិបតី នៃប្រទេសឡាវ ៕
ដោយ: វណ្ណលុក
រូបភាពៈAKP




