រុស្ស៊ី ថា នៅតែមានទំនួលខុសត្រូវលើនុយក្លេអ៊ែរ ទោះផុតកំណត់សន្ធិសញ្ញា គ្រប់គ្រងអាវុធប្រល័យលោក

មូស្គូ ៖ រុស្ស៊ី បានអះអាងថា ខ្លួននឹងបន្តធ្វើសកម្មភាព ប្រកបដោយទំនួលខុសត្រូវ លើនុយក្លេអ៊ែរ បើទោះបីជាសន្ធិសញ្ញា គ្រប់គ្រងអាវុធប្រល័យលោក «New START» ជាមួយនឹងអាមេរិក ផុតកំណត់ក៏ដោយ។

សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតែមួយគត់ ដែលនៅសល់រវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ក្រោយទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម ក្នុងឆ្នាំ២០១៩។

សន្ធិសញ្ញានេះ បង្កើតឡើងក្នុងគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្ររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក បានចូលជាធរមាន កាលពីឆ្នាំ ២០១១ ដោយមានរយៈពេលសុពលភាពដើម ១០ឆ្នាំ ហើយក្រោយមក ត្រូវបានពង្រីកទ្វេភាគីដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

បើតាម Aljazeera, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា «ថ្ងៃនេះ ជាថ្ងៃត្រូវបញ្ចប់ ហើយ សន្ធិសញ្ញា នឹងឈប់មានឥទ្ធិពល…យើងមើលឃើញ ចំណុចអវិជ្ជមាន និង សម្តែងការសោកស្ដាយ»។

លោកបន្ថែមថា «អ្វីដែលនឹងកើតឡើងបន្ទាប់ គឺ អាស្រ័យលើរបៀប ដែលព្រឹត្តិការណ៍ កើតឡើង។ ក្នុងករណីណាក៏ដោយ សហព័ន្ធរុស្ស៊ី នឹងរក្សាវិធីសាស្រ្ត ប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់របស់ខ្លួន ចំពោះបញ្ហាស្ថិរភាព ជាយុទ្ធសាស្រ្ត ក្នុងវិស័យអាវុធនុយក្លេអ៊ែរ ដើម្បីផលប្រយោជន៍ជាតិ ជាចម្បង»។

យ៉ាងណា អ្នកជំនាញ និយាយថា ហានិភ័យ នឹងកើតមាន ក្នុងការប្រណាំង ប្រជែងសព្វាវុធ កម្រិតសាកល ជាថ្មី៕

ប្រភពពី Aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner