អ៊ុយក្រែន វាយប្រហារចំទីតាំងបាញ់មីស៊ីលលឿនជាងសំលេងរបស់ រុស្ស៊ី

កៀវ ៖ កងកម្លាំងអ៊ុយក្រែនបានវាយប្រហារចំទីតាំងបាញ់មីស៊ីលផ្លោងលឿនជាងសំលេង Oreshnik របស់រុស្ស៊ីកាលពីខែមករា ។

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ នោថ្ងៃទី៥ ខែកុម្ភៈថា ការវាយប្រហារនោះ បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលរុស្ស៊ីប្រើប្រាស់ ដើម្បីបាញ់មីស៊ីលរយៈចម្ងាយមធ្យម និងមីស៊ីលផ្លោងអន្តរទ្វីប នៅទីតាំងសាកល្បង Kapustin Yar ក្នុងតំបន់ Astrakhan ។

យោងតាមសេចក្តីថ្លែងការណ៍ដដែល អាវុធវាយប្រហាររយៈចម្ងាយឆ្ងាយដែលផលិតដោយអ៊ុយក្រែន គឺមីស៊ីល FP-5 Flamingo ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ។

Flamingo គឺជាមីស៊ីលនាំផ្លូវថ្មីមួយរបស់អ៊ុយក្រែន បាញ់ចេញពីផ្ទៃដី និងមានសមត្ថភាពហោះក្នុងរយៈចម្ងាយដល់ទៅ ៣.០០០គីឡូម៉ែត្រ ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា អគារជាច្រើននៅទីតាំងរងការវាយប្រហារ បានរងការខូចខាតក្នុងកម្រិតខុសៗគ្នា ដោយឃ្លាំងស្តុកមីស៊ីលមួយក្នុងចំណោមឃ្លាំងស្តុកមីស៊ីលដទៃទៀត បានរងការខូចខាតខ្លាំង ហើយបុគ្គលិកមួយចំនួនត្រូវបានជម្លៀសចេញពីតំបន់នោះ ។

យោងតាមការលើកឡើងរបស់អាជ្ញាធរអ៊ុយក្រែន, រុស្ស៉ីធ្លាប់បានបាញ់មីស៊ីល Oreshnik វាយប្រហារលើទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៩ ខែមករា ។

មីស៊ីល Oreshnik នេះ ត្រូវបានរុស្ស៊ីអួតថា វាមានសមត្ថភាពហោះលឿនជាងសំឡេងដល់ទៅ ១០ដង និងមានល្បឿនវាយប្រហារប្រហែល ១៣.០០០គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner