សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ
ព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក្នុងឱកាសដែល ឯកឧត្តម និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ។
ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត(Thongloun Sisoulith) ត្រូវបានធ្វើឡើងនៅព្រះបរមរាជវាំង ដោយមានទទួលដោយកងកិត្តិយសត្រែទ័ព ជាមួយការគោរពភ្លេងជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឡាវ និងភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមលំនាំនៃការទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនថ្នាក់ដឹកនាំនានា ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា៕








