មន្ត្រីចារកម្មជាន់ខ្ពស់រុស្ស៊ី រងការបាញ់ប្រហារ របួសធ្ងន់
មូស្គូ ៖ អនុប្រធានចារកម្មយោធារុស្ស៊ី ត្រូវបានគេបាញ់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។
បើតាម BBC, លោកឧត្តមសេនីយ៍ទោ Vladimir Alexeyev ត្រូវ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់ប្រហារជាច្រើនគ្រាប់។ជនដៃដល់បានរង់ចាំលបបាញ់ប្រហារ នៅពេលជនរងគ្រោះ ចេញពីផ្ទះ ទៅធ្វើការ។ លោកបានរងរបួសត្រង់ដៃ ជើង និង ទ្រូង ហើយ បច្ចុប្បន្ន លោកកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
បុរស វ័យ៦៤ឆ្នាំ រូបនេះ គឺជាមន្ត្រីជាន់ខ្ពស់ ដែលមានតួនាទីសំខាន់ ក្នុងសង្គ្រាម នៅអ៊ុយក្រែន។ លោកស្ថិតក្រោមទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ ពាក់ព័ន្ធនឹងការលូកដៃ ក្នុងការបោះឆ្នោតអាមេរិក ឆ្នាំ២០១៦។
រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ភ្លាមៗថា អ៊ុយក្រែន ជាអ្នកនៅពីក្រោយ ការប៉ុនប៉ងធ្វើឃាតនេះ ដើម្បីបំផ្លាញកិច្ចចរចាសន្តិភាព។ ទោះយ៉ាងណា អ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយ នៅឡើយទេ៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត