ប្រទះឃើញសពមនុស្ស ១៥នាក់ ក្នុងផ្នូរដ៏ធំ នៅហ្គាហ្សា
ហ្គាហ្សា ៖ សាកសពមនុស្ស ចំនួន១៥នាក់ ត្រូវបានប្រទះឃើញ នៅក្នុងផ្នូរដ៏ធំមួយ នៅតំបន់ ហ្គាហ្សា ស្ទ្រីប។
អដ្ឋិធាតុទាំងនេះ ត្រូវបានទទួល ពីសហព័ន្ធអន្តរជាតិ នៃ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ICRC ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ថ្មីៗនេះ។ ICRC អះអាងថា សាកសព ដែលមិនស្គាល់អត្តសញ្ញាណទាំងនេះ ត្រូវបានបញ្ចុះ នៅក្នុងផ្នូររួម ដែលមានទីតាំង ស្ថិតនៅទីក្រុង Deir al-Balah កណ្តាល តំបន់ ហ្គាហ្សា ស្ទ្រីប។
ការប្រទះឃើញនេះ ចំពេលដែល អ៊ីស្រាអែល បានអនុញ្ញាតឱ្យបើកឡើងវិញ នូវច្រកឆ្លងកាត់ តំបន់ Rafah ដែលត្រូវបានគេរាយការណ៍ថា កើតមានឡើង បន្ទាប់ពីសម្ពាធ របស់សហរដ្ឋអាមេរិក ប៉ុន្តែ ការឆ្លងកាត់ មានកំណត់ ចំពោះអ្នកជំងឺ និងគ្រួសារដែលរួមដំណើរ។
ថ្វីបើ បទឈប់បាញ់ ដែលកំពុងបន្តមាន ក្រោមការសម្របសម្រួលរបស់អាមេរិក ហើយ ឈានចូលដល់ដំណាក់កាលទីពីរ កាលពីខែមុន ក៏ដោយ, អំពើហិង្សាបានបន្តកើតឡើង នៅតំបន់ហ្គាហ្សា ស្ទ្រីប ខណៈដែល អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចោទប្រកាន់គ្នា ទៅវិញទៅមក ថា បានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់។
ជាក់ស្តែង មន្ត្រីសុខាភិបាល នៅហ្គាហ្សា បានអះអាង កាលពីថ្ងៃពុធ ថា មានការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល សម្លាប់មនុស្ស ២៤នាក់ តែ អ៊ីស្រាអែល បានអះអាងថា ការវាយប្រហារនេះ គឺជាការឆ្លើយតប ទៅនឹងមន្ត្រីរបស់ខ្លួនម្នាក់ ដែលបានរងរបួស ដោយសារគ្រាប់កាំភ្លើង បាញ់ចេញពីពួកសត្រូវ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត