កីឡា Pickleball មកពីសិង្ហបុរី លេចវត្តមានក្នុងមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាឆ្នាំ២០២៦
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ Stem Cambodia ព្រមទាំងក្រសួង-ស្ថាប័នជាច្រើនទៀត បានផ្តួចផ្តើមរៀបចំកម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាឆ្នាំ២០២៦ យ៉ាងអធិកអធម នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅអគារ ឌឺព្រីមៀ សែនសុខ រាជធានីភ្នំពេញ ។
មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលកាន់តែរីកចម្រើនរបស់កម្ពុជា ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ព្រមទាំងហ្គេម និងប្រភេទកីឡាប្រកបដោយការច្នៃប្រឌិត ។ សាលារៀនជាច្រើន រួមមានទាំងរដ្ឋ និងឯកជន បានចូលរួមនាំយកស្នាដៃ និងគំនិតច្នៃប្រឌិតថ្មីៗមកតាំងបង្ហាញយ៉ាងសម្បូរបែបគួរជាទីទាក់ទាញ ។

ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការតាំងបង្ហាញកីឡាថ្មីមួយប្រភេទដែលស្រដៀងនឹងកីឡា Tennis មានឈ្មោះថា ភីគខលប៊ល Pickleball ដែលត្រូវបាននាំចូលពីប្រទេសសិង្ហបុរី រួមជាមួយវត្តមានគ្រូបង្វឹកជនជាតិសិង្ហបុរី លោក ល្វីស ហ្វុង (Lewis Fong) មកបង្ហាត់បង្ហាញសិស្សានុសិស្សអំពីវិធីលេង និងជំនាញមូលដ្ឋាននៃកីឡានេះ។
លោក ល្វីស ហ្វុង គ្រូបង្វឹកជនជាតិសិង្ហបុរីកីឡា Pickleball បានលើកឡើងថា Pickleball មិនត្រឹមតែជាកីឡាដែលផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយវិស័យ ស្តេម ដោយជួយអភិវឌ្ឍការគិតវិភាគ ការសម្រេចចិត្ត និងភាពរហ័សរហួននៃចលនាកាយសម្បទា។ ការហ្វឹកហាត់ជាប្រចាំ អាចជួយបង្កើនសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យុវជនផងដែរ។

បច្ចុប្បន្ននេះ យុវវ័យមួយចំនួននៅកម្ពុជា មានទម្លាប់ចំណាយពេលច្រើនលើការកាន់ស្មាតហ្វូន និងការលេងហ្គេម ដែលអាចប៉ះពាល់ដល់សុខភាព ភាពសកម្ម និងការផ្តោតអារម្មណ៍លើការសិក្សា។ ដូច្នេះ ការលើកកម្ពស់វប្បធម៌លេងកីឡា ដូចជា Pickleball គឺជាជម្រើសវិជ្ជមានមួយ ដើម្បីជួយកែទម្លាប់របស់យុវវ័យ បម្លែងពីការចំណាយពេលលើអេក្រង់ មករកសកម្មភាពកាយសម្បទា ដែលជួយអភិវឌ្ឍវិន័យ ការងារជាក្រុម និងទំនាក់ទំនងសង្គម។
ដោយមើលឃើញពីសារៈសំខាន់នៃកីឡានេះចំពោះសុខភាព និងការអភិវឌ្ឍយុវជន លោកស្រី ខែក ខេមរ៉ាត់ តំណាងក្រុមហ៊ុន CMS ដែលផ្តោតលើការលើកកម្ពស់សុខភាព បានសហការជាមួយលោក ល្វីស ហ្វុង ក្នុងការនាំចូល និងផ្សព្វផ្សាយកីឡា Pickleball មកកម្ពុជា ដើម្បីជំរុញឲ្យសិស្សានុសិស្ស និងយុវជន ងាកមកចូលរួមលេងកីឡាបន្ថែមលើការសិក្សា និងកាត់បន្ថយពេលវេលាលើស្មាតហ្វូន និងហ្គេម។

ថ្វីត្បិតតែ Pickleball ជាកីឡាថ្មីនៅកម្ពុជាក៏ដោយ ប៉ុន្តែបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសិស្សានុសិស្ស និងយុវជន។ តាមរយៈមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាឆ្នាំនេះ រំពឹងថា Pickleball នឹងត្រូវបានស្គាល់កាន់តែទូលំទូលាយ និងក្លាយជាជម្រើសកីឡាថ្មីមួយ សម្រាប់ជួយបណ្តុះសមត្ថភាពបញ្ញា សុខភាពកាយសម្បទា និងវិន័យរបស់យុវជនខ្មែរ សម្រាប់អនាគតដ៏ប្រសើររបស់ប្រទេសកម្ពុជា ៕









