ក្រុមហ៊ុនកូរ៉េខាងត្បូង Bithumb ច្រលំផ្ញើ Bitcoin ៤៤ពាន់លានដុល្លារឲ្យគេ
សេអ៊ូល ៖ ក្រុមហ៊ុនដោះដូររូបិយបណ្ណឌីជីថលដ៏ធំ នៅប្រទេសកូរ៉េខាងត្បូង Bithumb បានច្រលំ ផ្ញើកាក់ Bitcoin តម្លៃ ៤៤ពាន់លានដុល្លារ ឲ្យគេផ្សេង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិភព Crypto។
បើតាម CNA, ហេតុការណ៍នេះ បានកើតឡើង ក្នុងអំឡុងពេលដែលក្រុមហ៊ុន រៀបចំកម្មវិធីផ្ដល់រង្វាន់លើកទឹកចិត្តដល់អតិថិជន កាលពីថ្ងៃសុក្រ។ តាមគម្រោង ម្នាក់ៗ ត្រូវទទួលបានប្រាក់ត្រឹមតែ ២,០០០ វ៉ុន ឬ ប្រហែល ១.៣៧ ដុល្លារ តែប៉ុណ្ណោះ ជាកាដូ។ ប៉ុន្តែ ប្រព័ន្ធបែរជាមានបញ្ហាបច្ចេកទេស ច្រលំផ្ញើ រហូតដល់ទៅ ២,០០០ កាក់ Bitcoin វិញ ដែលមានតម្លៃ រាប់រយលានដុល្លារ។
ភ្លាមៗ បន្ទាប់ពីទទួលបាន «លាភសំណាង», អតិថិជនមួយចំនួនបានសម្រុកលក់កាក់ទាំងនោះចេញ ដែលធ្វើឱ្យតម្លៃ Bitcoin នៅលើផ្សារ Bithumb ដាំក្បាលចុះ ក្នុងរយៈពេលដ៏ខ្លី។ យ៉ាងណា ក្រុមហ៊ុនបានប្រញាប់ប្រញាល់ផ្អាកការដកប្រាក់ និងអាចទាញយកកាក់ត្រឡប់មកវិញបានរហូតដល់ ៩៩.៧% ក្នុងរយៈពេលត្រឹមតែ ៣៥ នាទីប៉ុណ្ណោះ។
ក្រុមហ៊ុន Bithumb បានបញ្ជាក់ថា ហេតុការណ៍នេះ មិនមែនជា Hacking ទេ តែ ជាកំហុសផ្នែករដ្ឋបាលសុទ្ធសាធ ហើយទ្រព្យសម្បត្តិផ្សេងទៀត របស់អតិថិជន គឺ នៅតែមានសុវត្ថិភាព ១០០%៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត