អភិបាលរាជធានីភ្នំពេញ ដាក់ផែនការយ៉ាងម៉ឹងម៉ាត់បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦នេះ។

ការដាក់ផែនការយ៉ាងម៉ឹងម៉ាត់ខាងលើនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍សារាចរ០៣លើការងារ គ្រប់ គ្រង សន្តិសុខ សុវត្ថិភាព តាម ទីតាំង រស់នៅ ប្រមូលផ្ដុំ និងធ្វើយុទ្ធនាការបោសសម្អាតបទល្មើស ONLINE SCAMS ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញមានអគារខ្ពស់ចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ«រួម»តាមបុរីឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច ទទួលយកសេដ្ឋកិច្ចពណ៌ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។ ដូច្នេះយើងត្រូវរួមគ្នាដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ត្រឹមថ្ងៃ៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។ មេបទល្មើស ONLINE SCAMSនេះ ពួកគេជាពួកIT ដែលទៀមទាឱ្យកម្លាំងនិងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។ យើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីមុខមាត់ប្រទេសជាតិរបស់យើង ៕ ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ



