ក្រសួងអប់រំណែនាំឲ្យសាលារៀនកាត់បន្ថយម៉ោងសិក្សាដល់សិស្សនារដូវក្ដៅនេះ
អត្ថបទដោយ៖
Kien Sereyvuth
ក្រសួងអប់រំណែនាំឲ្យសាលារៀនកាត់បន្ថយម៉ោងសិក្សាដល់សិស្សនារដូវក្ដៅនេះ។ យោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន នៅថ្ងៃ២៥មេសា ជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត បានឲ្យដឹងថា ក្នុងរដូវប្រាំងឆ្នាំ២០១៩ អាកាសធាតុក្ដៅហួតហែង និងអាចមានសីតុណ្ហភាពលើសពី៤០អង្សារ ជាពិសេសចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង១៤រសៀល។
ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្រ និងការបំពេញការងាររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពិសេសកុមារតូចៗ។ ក្រសួងអប់រំ បានស្នើឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ចាត់ចែងអនុវត្ត ពេលព្រឹក ចូលរៀននៅម៉ោង៧ព្រឹក ចេញម៉ោង១០និង៣០នាទីព្រឹក។ ពេលរសៀលចូលរៀននៅម៉ោង១៣និង៣០នាទី និងចេញនៅម៉ោង១៧ល្ងាច។ គោលការណ៍នោះ នឹងត្រូវអនុវត្តតាមកាលវិភាគធម្មតាវិញ នៅពេលផុតរដូវក្ដៅ៕ធ.ដ