ម្ចាស់ទីតាំង និងអ្នកលេងរត់បាតជើងសព្រាត ក្រោយអាជ្ញាធរចុះបង្ក្រាបហ្គេមបាញ់ត្រី នៅខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ ម្ចាស់ទីតាំង និងអ្នកលេងល្បែងហ្គេមបាញ់ត្រីនាំគ្នារត់បាតជើងសព្រាត បន្ទាប់ពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាឲ្យលោក លីន ញ៉ក់ អភិបាលរងខណ្ឌ ដឹកនាំងកម្លាំងប្រជាការពារ ចុះលបឆ្មក់បង្ក្រាបល្បែងស៊ីសងមួយកន្លែង ដកហូតទូរហ្គេមបាញ់ត្រីចំនួន១គ្រឿង ស្ថិតនៅជួរមាត់ទន្លេ ក្នុងក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ នៅម៉ោង១០ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ។

ជាមួយការបង្ក្រាបល្បែងហ្គេមបាញ់ត្រីនេះលោក ជា ពិសី បានជំរុញឲ្យសមត្ថកិច្ច អាជ្ញាធរសង្កាត់-ភូមិ ចូលរួមសហការ និងមានវិធានការបន្តតាមដានស្រាវជ្រាវតទៅទៀត បើក្នុងករណីនៅតែមានប្រព្រឹត្តអំពីល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌ ដើម្បីមានវិធានការបង្ក្រាបទាន់ពេលវេលា ដើម្បីឲ្យស្របទៅតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ ដែលទើបឡើងកាន់តំណែងថ្មីថ្មោង បានបញ្ជាក់ថា ចំពោះវិធានការបង្ក្រាបនូវបនល្បែងគ្រប់ប្រភេទក្នុងមូលដ្ឋាន ជាក់ស្ដែងបានអនុវត្តឡើងជាប្រចាំ បើទោះបីជាមិនអាចទទួល ឫទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក៏ដោយ គឺស្ថិតក្រោមការស្រាវជ្រាវ ដើម្បីកំណត់ពីទីតាំង នៃការប្រព្រឹត្តបទល្មើស ដើម្បីមានវិធានការបង្ក្រាប ក្នុងការកាត់បន្ថយអំពើចោរកម្មទាំងឡាយដូចជា ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីល្បែងស៊ីសង។

យ៉ាងណាក៏ដោយ ក្រោយបង្ក្រាបនូវទីតាំងទូរហ្គេមបាញ់ត្រីចំនួន១គ្រឿង ត្រូវបានបញ្ជូនមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ដើម្បីបន្តការស្រាវជ្រាវ៕ធ.ដ

ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner