ប្រធានាធិបតីកូឡុំប៊ី ថា មានគេចង់ធ្វើឃាតរូបលោក
បូហ្គោតា ៖ ប្រធានាធិបតី នៃ ប្រទេសកូឡុំប៊ី បានអះអាងថា មានគេចង់ធ្វើឃាតរូបលោក ក្នុងពេលធ្វើដំណើរ កាលពីថ្ងៃអង្គារ។
យ៉ាងណា លោក Gustavo Petro បានបញ្ជាក់ថា លោកបានរួចផុតជីវិត នៅក្នុងផែនការធ្វើឃាត ដែលប៉ុនប៉ងធ្វើពេលដែលរូបលោកជិះឧទ្ធម្ភាគចក្រ ជាមួយកូនស្រី ។ ហេតុការណ៍នេះ កើតមានឡើង បន្ទាប់ពីមានការព្រមាន អស់ជាច្រើនខែ អំពីផែនការធ្វើឃាត ដែលត្រូវបានចោទប្រកាន់ ទៅលើក្រុមជួញដូរគ្រឿងញៀន។
លោក Petro បានរៀបរាប់ថា «ឧទ្ធម្ភាគចក្រ មិនអាចចុះចត នៅគោលដៅមួយ លើឆ្នេរ Caribbean របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃមុន ដោយសារតែការភ័យខ្លាចថា មានគេចង់បាញ់ប្រហារ…គេជូនដំណឹងថា ពួកគេនឹងបាញ់លើឧទ្ធម្ភាគចក្រ ដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយកូនស្រី»។
បើតាម al jazeera, លោក Petro ក៏ធ្លាប់បានរាយការណ៍ ពីការប៉ុនប៉ង សម្លាប់រូបលោកផងដែរ កាលពីឆ្នាំ២០២៤ ហើយ ធ្លាប់
បានអះអាងថា ក្រុមជួញដូរគ្រឿងញៀន បានកំណត់គោលដៅ លើរូបលោក ចាប់តាំងពីចូលកាន់តំណែង ក្នុងខែសីហា ឆ្នាំ២០២២៕
ប្រភពពី al jazeera ប្រែសម្រួល៖ សារ៉ាត