ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួននៅម៉ោង០៤និង៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ គង់ សាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅ ភូមិអណ្តូង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្តិ៍ក្រាំងធ្នង់ បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងរកឃើញថា ជនសង្ស័យមានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ