មុខសញ្ញាចោរឆក់២នាក់ ត្រូវនគរបាលខណ្ឌសែនសុខចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ នៅម៉ោង១៦ និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មុខផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ធុន ថុល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និងទី២)ឈ្មោះ ជឹម សុខ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសុភី ឃុំសុភី ស្រុកបាទី ខេត្តតាកែវ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណទេ ចាកចេញទៅបាត់ក្រោយកើតហេតុ។ សម្ភារបន្សល់ទុក៖ ម៉ូតូ០១គ្រឿងម៉ាកឌ្រីមពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ផ្លាកលេខកណ្តាល 1Q-4063 (របស់ជនសង្ស័យ)។

ក្នុងរបាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្សជុំគ្នា ដោយមានការសង្ស័យ កម្លាំងល្បាតបានចូលទៅធ្វើការត្រួតពិនិត្យ ឃើញមានប្រជាពលរដ្ឋកំពុងនាំគ្នាវាយទៅលើជនសង្ស័យទាំង០២នាក់ រួចស្រែកថាចោរៗ ឆក់ទូរសព្ទដៃ។ បន្ទាប់មក បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្ន ជនសង្ស័យទាំង២ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner