ការនាំចេញអង្ករកើនឡើងជាង៩០ភាគរយស្របពេលដែលពលរដ្ឋកម្ពុជាក្រៅប្រទេសពហិការអង្ករថៃ
ភ្នំពេញ៖រយៈពេល១ខែនៃដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ១១៥.៧៨៤តោនកើនឡើងជាង ៩០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលទើបនឹងចេញផ្សាយនៅថ្ងៃពុធទី១១ ខែកុម្ភៈនេះ ការនាំចេញអង្ករនៅដើមឆ្នាំនេះ គិតជាទឹកប្រាក់បានចំនួន ៧០.៩៣លានដុល្លារសហរដ្ឋអាម៉េរិក។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបណ្ដាញព័ត៌មាន AMS ថាការនាំចេញអង្ករកើនឡើងនេះ ដោយសារកម្ពុជាមានទីផ្សារថ្មីៗបន្ថែមទៀតក្នុងតំបន់ និងពិភពលោក។
លោកបញ្ជាក់ថា ដើមខែ១នេះមានការនាំចេញច្រើន អង្ករច្រើនដោយសារមានទីផ្សារថ្មិៗបានកំពុងរីកលូតលាស់មាន ជាពិសេសទីផ្សារដែលមានសហគមន៍ខ្មែររស់នៅច្រើនដូចជានៅអាម៉េរិក អូស្រ្តាលី នៅបារាំង នៅអឺរ៉ុបអីនឹង គឺមានការកើនឡើងខ្ពស់ ស្របជាមួយគ្នានឹងដែរក៏មានការនាំចេញទៅប្រទេសក្នុងតំបន់អាស៊ានដូចជាហ្វីលីពីន ហើយនឹងការជំរុញទៅទីផ្សារចិនក៏មានការកើនឡើងដែរ។

ជាមួយគ្នានេះ ឯកឧត្តម សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសកំពុងធ្វើពហិការអង្ករពីប្រទេសថៃ បន្ទាប់ពីប្រទេសនេះត្រូវគេមើលឃើញថាបានបង្កសង្គ្រាមឈ្លានពានកម្ពុជាយ៉ាងខ្លាំងក្លាកាលពីឆ្នាំកន្លងទៅនេះ។
ឯកឧត្តមបញ្ជាក់ថា ទី១គឺប្រជាជននៅសហគមន៍អឺរ៉ុប ទី២នៅអាម៉េរិក ទី៣ នៅកាណាដា ចលនានេះធំខ្លាំងមែនទែនរឿងពហិការ ឃើញអង្ករថោកប៉ុនណាក៏ដោយក៏អត់ទិញដែរ។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុននាំចេញអង្ករពីកម្ពុជាមានចំនួន ៥០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ១៤ ទៅកាន់ប្រទេសចិន និងហុងកុង ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៥ប្រទេស និងទៅកាន់គោលដៅ ១៤ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ញ៉ូវសេលែនជាដើម។
ចំពោះប្រភេទអង្ករដែលបាននាំចេញ ភាគច្រើនជាអង្ករក្រអូប បន្ទាប់មកគឺប្រភេទអង្ករសគ្រាប់វែង អង្ករចំហុយ អង្ករសរីរាង្គ និងអង្ករបាក់គ្រប់ប្រភេទ។
ក្រៅពីនាំចេញអង្ករ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣២២.៤៨៨តោនស្រូវផងដែរ នៅដើមឆ្នាំនេះគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧២.៥៦លានដុល្លារអាម៉េរិកដែរ។
បើតាមលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ទីផ្សារនាំចេញស្រូវដ៏ធំរបស់កម្ពុជា គឺប្រទេស វៀតណាម។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករកើនឡើង ១៣.៥៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤ គិតជាទឹកប្រាក់ចំនួនជាង ៥៥៧លានដុល្លារ ខណៈការនាំចេញស្រូវវិញមានការធ្លាក់ចុះ ២៩.១៧ភាគរយបើធៀបនឹងឆ្នាំ២០២៤ បានចំណូលជាង១ពាន់លានដុល្លារ៕
ដោយ៖សេង បារាំង
