ថៃបើកផ្លូវឱ្យបន្តនីតិវិធីលុបចោល អនុស្សរណៈ ៤៤ ជាមួយកម្ពុជា, អ្នកឃ្លាំមើលបារម្ភពីការរាលដាលនៃជម្លោះ

ភ្នំពេញ៖នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាស បង្គាប់ឱ្យ​ស្ថាប័នពាក់ព័ន្ធបន្តនីតិវិធីឆ្ពោះ​ទៅរកការ លុប​ចោល អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU ៤៤) ដែលជា ឯកសារយុទ្ធសាស្ត្រដោះស្រាយវិវាទដែន សមុទ្ររវាងកម្ពុជា និងថៃ។

យោងតាមការចុះផ្សាយរបស់កាសែតថៃនានាកាលពីថ្ងៃអង្គារ លោក អានុទីន បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការរក្សាទុក នូវឯកសារដែលមានអាយុកាល ២៥ ឆ្នាំនេះ គឺជាការឥតប្រយោជន៍ ដោយសារការចរចាកន្លង មកពុំមាន វឌ្ឍនភាពអ្វីសោះឡើយ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីដែលទទួលបានជ័យជម្នះក្នុងការ បោះឆ្នោតកាលពីថ្ងៃអាទិត្យរូបនេះ បញ្ជាក់ថា រាល់កិច្ចព្រមព្រៀង បែងចែកផលប្រយោជន៍ធនធានសមុទ្រពាក់កណ្តាល ដែលធ្លាប់មាន ចែងក្នុងអនុស្សរណៈ៤៤នឹងត្រូវដកចេញពីតុចរចាជាមួយកម្ពុជាជាស្ថាពរ។

មហិច្ឆតានៃការលុបចោល MoU ៤៤ នេះ គឺជាចំណុចស្នូលនៃ យុទ្ធនា ការឃោសនាបោះឆ្នោតរបស់គណបក្សភូមចៃថៃ ដែលដឹកនាំដោយ លោក អានុទីន ដោយផ្ទាល់។ ការប្រកាសបន្តនីតិវិធីលុបចោលនៅពេលនេះ ត្រូវបានគេមើល ឃើញ ថាជាការអនុវត្តតាមសន្យាបោះឆ្នោត ដើម្បីពង្រឹងប្រជាប្រិយភាព នយោបាយក្នុងស្រុក ទោះបីជាវាអាចប៉ះពាល់ដល់ទំនាក់ ទំនងការទូត និងស្ថិរភាពសេដ្ឋកិច្ចតាមសមុទ្រជាមួយកម្ពុជាក៏ដោយ។

រដ្ឋាភិបាលកម្ពុជានៅមិនទាន់បញ្ចេញប្រតិកម្មជាផ្លូវការណាមួយ ជុំវិញគម្រោងនៃការលុបចោល MoU ៤៤ នេះនៅឡើយ ទេ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការសម្រេច លុបចោល អនុស្សរណៈ៤៤ ពីសំណាក់ភាគីថៃ អាចនឹងក្លាយជាដើមចមបង្កឱ្យមាន ជម្លោះកាន់តែរីករាលដាលធំជាងមុន ប្រសិនបើប្រទេសទាំងពីរមិនមាន ភាពអត់ធ្មត់ និងខ្វះការយោគយល់គ្នាខាងការទូត។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា យន្តការនៃអនុស្សរណៈនេះ គឺជាស្ពាន តែមួយគត់ដែលរក្សាស្ថិរភាព និងការចរចា​ដោយសន្តិវិធី​លើតំបន់ជម្លោះ។

MoU ៤៤ ឬ MoU ២០០១ ត្រូវបានចុះហត្ថលេខាដោយអតីតនាយក រដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងអតីត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែនក្នុងគោលបំណងដោះស្រាយតំបន់ជម្លោះ ជាន់គ្នា (OCA) នៅតាមព្រំដែន សមុទ្រ ពិសេសពាក់ព័ន្ធនឹងការបែង ចែកផលប្រយោជន៍នៃប្រេងកាត និងឧស្ម័នផងដែរ។ ឯកសារនេះត្រូវបានបង្កើតឡើងបន្ទាប់ពីកម្ពុជា និងថៃសម្រេចបាននូវ MoU ៤៣ (ឆ្នាំ ២០០០) ដែលប្រើសម្រាប់ដោះ ស្រាយបញ្ហាព្រំដែន គោក។
ការប្រកាសបោះបង់ចោលយន្តការនេះពីសំណាក់រដ្ឋាភិបាលលោក អានុទីន អាចនឹងធ្វើឱ្យកិច្ចចរចាលើធនធានប្រេង និងឧស្ម័នដ៏មហា សាលនៅតំបន់សមុទ្រ ធ្លាក់ចូលក្នុងភាពស្រពិចស្រពិលជាថ្មីម្ដងទៀត៕

ដោយ៖ទួន សុផល

ads banner