សម្តេច ម៉ែន សំអន អញ្ជើញចូលរួមអបអរសាទរសមាសភាពគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តតាកែវ
តាកែវ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តតាកែវ ។
មានប្រសាសន៍ក្នុងឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះលោកជំទាវ ឈុន ស៊ីន ប្រធានកិត្តិយស និងលោកជំទាវ ឡុង បូណារ៉េត ប្រធានប្រតិបត្តិសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ ដែលបានទទួលបានការតែងតាំងថ្មី ។សម្ដេចបាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ បានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនោះដែរ នារីនៅទូទាំងខេត្តតាកែវ ក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍ ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ខេត្ត។ សម្តេចក៏បានបន្តទៀតថាការលើកកម្ពស់នារីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត គឺបានផ្តោតសំខាន់លើការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ និងសម្រេចចិត្ត តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។ សកម្មភាពនេះរួមចំណែកដល់សមភាពយេនឌ័រ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម៕






ដោយ៖ហេង សម្បត្តិ