ជនភៀសសឹកជិត៨ម៉ឺននាក់ ទទួលបានជំនួយពីអង្គការសហគមន៍ និងអង្គការអន្តរជាតិ
ភ្នំពេញ៖កម្មវិធីស្បៀងអាហារពិភពលោក (WFP)នៃអង្គការសហប្រជាជាតិ(អ.ស.ប.)បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៦ជនភៀសសឹកចំនួន៧៩.០៣៣នាក់ ទទួលបានជំនួយបន្ទាន់សម្រាប់គាំទ្រជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ជនភៀសសឹកទាំងជិត៨ម៉ឺននាក់នេះស្ថិតក្នុងចំណោមជនភៀសសឹកជាង១១ម៉ឺននាក់ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ។
ជំនួយទាំងនោះមានការចូលរួមរួមគ្នាពីដៃគូមនុស្សធម៌រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន,កយកានៃប្រទេសកូរ៉េ(KOICA), ជំនួយពីប្រទេសបារំាង រុស្ស៊ី អាម៉េរិក និងពីអ្នកផ្តល់ជំនួយនៃវិស័យឯកជន។
តាមរបាយការណ៍ដដែលបានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ពលរដ្ឋជនភៀសសឹកជាង២៣ម៉ឺននាក់ទទួលបានជំនួយជាស្បៀង អាហារូបត្ថម្ភ និងជម្រកស្នាក់នៅបណ្តោះអាសន្ន ក្រោមការឧបត្ថម្ភពីដៃគូមនុស្សធម៌នានាជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ចាប់តាំងពីខែមិថុនាមក ពលរដ្ឋភៀសសឹកប្រមាណជាង១០ម៉ឺននាក់ក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រពីវេទិការឆ្លើយតបមនុស្សធម៌ (HRF) និងអង្គការសហប្រជាជាតិ ផ្នែកអនាម័យ ទឹកស្អាត សុខភាព ការអប់រំ ស្បៀងអាហារ និងជម្រកស្នាក់នៅ។
ជំនួយទាំងនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការសាងសង់ជម្រកបណ្តោះអាសន្នចំនួន៣.០០០ខ្នងសម្រាប់ជនភៀសសឹក ក្នុងខេត្តជាប់ព្រំដែនចំនួន៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
លំនៅឋានរបស់ពួកគេរាប់រាយខ្នងត្រូវយោធាថៃវាតយកទៅកាន់កាប់ក្រោយពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងប្រើគ្រប់យន្តការ ទាំងការទូត និងផ្លូវច្បាប់ ដើម្បីទាមទារយក ទឹកដី និងផ្ទះសម្បែងពលរដ្ឋត្រឡប់មកវិញ។ ប៉ុន្តែឯកឧត្តមគូសបញ្ជាក់ថា ការទាមទារនេះ នឹងត្រូវការពេលវេលាយូរតទៅទៀត។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងនៅក្នុងសន្និសីទកាលពីថ្ងៃអង្គារថា រាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិទាមទារទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួននោះឡើយ។
សង្គ្រាមតាមព្រំដែន កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលត្រូវគេដឹងថា បង្កឡើងដោយប្រទេសថៃ បានបង្ខំឱ្យពលរដ្ឋជាង៦សែននាក់ភៀសខ្លួនទៅជំរំសុវត្ថិភាព ប៉ះពាល់ដល់ការសិក្សារបស់សិស្សជាង៣សែននាក់ និងគ្រូបង្រៀនចំនួន១៥.០០០នាក់។
ទោះបីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែសិស្ស១២.៦០០នាក់ នៅតែបន្តផលប៉ះពាល់ ដោយសារតែសាលារៀនមួយចំនួនរងការខូចខាត។
គិតត្រឹមថ្ងៃពុធនេះ នៅសល់ពលរដ្ឋភៀសសឹកចំនួនជាង៧៤.០០០នាក់ទៀតដែលបន្តរស់នៅក្នុងជំរំសុវត្ថិភាព៕




ដោយ៖សៅ សុខអេង