ក្រសួងពាណិជ្ជកម្មនឹងនាំផលិតផលខ្មែរទៅបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅបារាំង

ក្រសួងពាណិជ្ជកម្មកម្ពុជានឹងចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ “SIAL PARIS 2026” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ព្រឹត្តិការណ៍នេះ គឺជាពិព័រណ៍អាហារ និងភេសជ្ជៈធំបំផុតលំដាប់ពិភពលោក ដែលដើរតួនាទីដ៏សំខាន់ក្នុងការតាំងបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ការផ្តល់ឱកាសដល់ការបង្កើនបណ្តាញទំនាក់ទំនង និងការស្វែងយល់ពីនិន្នាការថ្មីៗក្នុងឧស្សាហកម្មម្ហូបអាហារ និង ភេសជ្ជៈ។

យោងតាមក្រសួងពាណិជ្ជកម្ម ព្រឹត្តិការណ៍នេះត្រូវបានបែងចែកជា ៨ផ្នែក ដែលផ្នែកនីមួយៗផ្តោតសំខាន់លើវិស័យផ្សេងៗគ្នា ពាក់ព័ន្ធនឹងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្នុងនោះរួមមាន៖ អាហារកែច្នៃ អាហារឆ្អិនស្រាប់ គ្រឿងផ្សំ គ្រឿងទេស នំចំណី បង្អែម ភេសជ្ជៈ ផលិតផលទឹកដោះគោ ផលិតផលសរីរាង្គ និងកសិផល។

អាស្រ័យហេតុនេះ ក្រសួងពាណិជ្ជកម្ម អញ្ជើញ លោក-លោកស្រី ជាពាណិជ្ជករ ផលិតករ វិនិយោគិន និង សាធារណជន ដែលមានបំណងចង់ចូលរួមតាំងបង្ហាញនូវផលិតផលទំនិញជាអាហារ និងភេសជ្ជៈនៅក្នុងពិព័រណ៍ខាងលើ សូមធ្វើការទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃ ក្រសួងពាណិជ្ជកម្មឱ្យបានមុន ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសមួយដើម្បីអភិវឌ្ឍអាជីវកម្ម និងពង្រីកសកម្មភាពវិនិយោគ។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនៅប្រទេសបារាំង ដោយប្រមូលផ្តុំអ្នកផលិត អ្នកចែកចាយ ម្ចាស់ភោជនីយដ្ឋាន និងអ្នកនាំចេញ-នាំចូល។ ព្រឹត្តិការណ៍ចុងក្រោយនៅឆ្នាំ២០២៤ ទទួលបានអ្នកចូលរួមមកពី ២០៥ប្រទេស និងដែនដី ដោយបានបង្ហាញផលិតផលជាង ៤០ម៉ឺនមុខ តាមស្តង់ ៧ ៥០០ស្តង់។ សម្រាប់ឆ្នាំនេះ អ្នករៀបចំសង្ឃឹមថា នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលកាន់តែច្រើន៕

ads banner