ឯកឧត្តម សុខ សូកេន រំលែកទុក្ខក្រុមគ្រួសារសព និង ប្រជាជនហ្វីលីពីន ចំពោះការបាត់បង់អ្នកកសាងស្ពានមិត្តភាពរវាងកម្ពុជា និងហ្វីលីពីន

ហ្វីលីពីន៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ ឯកឧត្តម Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ស្ថាបនិក និងជាប្រធានកិត្តិយសនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

វត្តមានរបស់ថ្នាក់ដឹកនាំទាំងពីរ គឺជាការសម្តែងនូវការគោរពសក្ការៈ និងវាយតម្លៃខ្ពស់ចំពោះវីរជននយោបាយដ៏ឆ្នើម ដែលជាមិត្តដ៏ល្អ និងជិតស្និទ្ធរបស់ប្រទេសកម្ពុជា ជាពិសេស ឯកឧត្តម Jose de Venecia គឺជាមិត្តភក្តិដ៏មានជំនឿចិត្ត និងជាដៃគូយុទ្ធសាស្ត្រដែលបានរួមការងារយ៉ាងសកម្មជាមួយ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ និងតំបន់។

ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ឯកឧត្តម Jose de Venecia បានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រជាច្រើនរួមមាន៖ (១) ការកសាងយន្តការសន្តិភាព និងការផ្សះផ្សា៖ លោកបានសហការយ៉ាងជិតស្និទ្ធជាមួយសម្តេចវិបុលបញ្ញា ក្នុងការបង្កើត “ក្រុមប្រឹក្សាសន្តិភាព និងការផ្សះផ្សាអាស៊ី (APRC)” ដែលជារឿយៗលោកតែងតែលើកតម្កើងកម្ពុជាជា “គំរូនៃសន្តិភាព និងការបង្រួបបង្រួមជាតិ” សម្រាប់ពិភពលោក, (២) ការពង្រឹងលទ្ធិប្រជាធិបតេយ្យ៖ លោកបានដឹកនាំគណៈប្រតិភូ ICAPP មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា រួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ ដោយបានវាយតម្លៃខ្ពស់ចំពោះតម្លាភាព និងភាពចាស់ទុំខាងនយោបាយរបស់កម្ពុជា និង (៣) ស្ថាបត្យកម្មនយោបាយអាស៊ី៖ ក្នុងនាមជាអនុប្រធាន ICAPP សម្តេចវិបុលបញ្ញា បានធ្វើការរួមគ្នាជាមួយឯកឧត្តម Jose de Venecia ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី៦ នៅភ្នំពេញ កាលពីឆ្នាំ ២០១០ ដែលជាជោគជ័យដ៏ធំធេងក្នុងការតភ្ជាប់ទំនាក់ទំនងរវាងគណបក្សនយោបាយទូទាំងអាស៊ី។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមទាំងពីរបានពាំនាំនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនហ្វីលីពីន ចំពោះការបាត់បង់ថ្នាក់ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជាអ្នកកសាងស្ពានមិត្តភាពដែលមិនអាចបំភ្លេចបានរវាងកម្ពុជា និងហ្វីលីពីន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner