កូរ៉េខាងជើង សម្ញែងប្រព័ន្ធបាញ់មីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ៥០ គ្រឿង គំរាម កូរ៉េខាងត្បូង

កូរ៉េខាងជើងកាលពីថ្ងៃពុធបានសម្ញែងប្រព័ន្ធជើងទម្របាញ់មីស៊ីលរយៈចម្ងាយខ្លីថ្មីចំនួន ៥០ គ្រឿង ដើម្បីបង្ហាញសាច់ដុំយោធាទៅដល់គូប្រជែងស៊ីសាច់ហុតឈាមរបស់ខ្លួនគឺ កូរ៉េខាងត្បូង ។

បើតាម CNA, ប្រព័ន្ធជើងទម្របាញ់មីស៊ីលនេះជាប្រភេទប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយខ្លីទំហំ ៦០០ មីលីម៉ែត្រ ប៉ុន្តែអាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។

លោក គីម ជុងអ៊ុន អះអាងថា នេះគឺជាគម្រោងពង្រឹងសមត្ថភាពយោធាថ្មីៗដើម្បីបង្ក្រាបរាល់ការគំរាមកំហែង និងបញ្ហាប្រឈមនានាពីកម្លាំងខាងក្រៅ ហើយកូរ៉េខាងជើងក៏ត្រូវតែបង្កើនល្បឿនផលិតសព្វាវុធថ្មីៗឱ្យកាន់តែលឿនថែមទៀតផងដែរ ។

ការសម្ញែងសព្វាវុធថ្មីនេះកើតមានឡើង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងនឹងដាក់ចេញគោលដៅថ្មីសម្រាប់វិស័យយោធានៅក្នុងសមាជបក្សពលករលើកទី ៩ ដែលគ្រោងធ្វើឡើងចុងខែកុម្ភៈនេះ ។

សមាជបក្សពលករកូរ៉េ ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្ដង គឺជាវេទិកាដ៏សំខាន់បំផុត សម្រាប់ការវាយតម្លៃលើសមិទ្ធផលកន្លងមក និងកំណត់ទិសដៅអនាគត ទាំងលើវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខជាតិនៅកូរ៉េខាងជើង ។

ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏អាចនឹងប្រើប្រាស់ឱកាសនេះដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួន និងប្រកាសពីផែនការយុទ្ធសាស្ត្រដំណាក់កាលបន្ទាប់ ក្នុងការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាបំផុត ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner