អ្នកនាំពាក្យ៖ សហគមន៍អន្តរជាតិបានដឹងឮ និងបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសការចូលកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួន
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ដូចការគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាមេដឹកនាំប្រទេសផ្សេងទៀតដែរ ត្រូវបានទទួលស្វាគមន៍ដោយរាក់ទាក់កក់ក្តៅពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។
អ្នកនាំពាក្យបន្តថា នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានហៅចំៗឈ្មោះប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដែលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) ដើម្បីជាការផ្តល់កិត្តិយសអមជាមួយពាក្យពេចន៍កោតសរសើរជាច្រើន។ ពេលនិយាយពីឈ្មោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមប្រធានាធិបតី មិនភ្លេចលើកឡើងពីសង្គ្រាមដ៏អាក្រក់រវាងកម្ពុជា-ថៃ។ នេះសបញ្ជាក់ថា សហគមន៍អន្តរជាតិបានដឹងឮ និងបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសការចូលកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួន ដោយបំពានច្បាប់អន្តរជាតិពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងប្រជាពលរដ្ឋខ្មែរជាង៧ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបានគឺជាបញ្ហាដែលពិភពលោកផ្តោតការចាប់អារម្មណ៍ខ្លាំង។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ ដូចការរំពឹងទុក មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះបានពិភាក្សាគ្នា និងលើកឡើងយ៉ាងទូលំទូលាយអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (The Board of Peace) បានផ្ញើសារដ៏សំខាន់ទៅកាន់ពិភពលោកអំពីសារៈសំខាន់នៃការបញ្ចប់ជម្លោះប្រដាប់អាវុធ ការសង្គ្រោះជីវិតមនុស្ស ការកសាងឡើងវិញពីភាពខ្ទេចខ្ទាំ និងការផ្សព្វផ្សាយអំពីសន្តិភាព។ ព្រឹត្តិការណ៍នេះបានរម្លឹកពីបទពិសោធន៍អតីតកាលរបស់កម្ពុជា និងស្មារតីសន្តិភាពនិយមរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាដែលតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត និងចង់ដោះស្រាយទំនាស់ដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។ ការប្រកាន់ជំហរបែបនេះពិតជាសមស្របជាមួយនិន្នាការរបស់ពិភពលោកដែលមនុស្សជាតិទូទៅមើលឃើញតម្លៃសន្តិភាពកាន់តែខ្លាំងដូចមានបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace ) នេះជាឧទាហរណ៍ស្រាប់។
នៅពេលសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល ពីព្រោះកម្ពុជាមានសុឆន្ទៈ និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ហើយតែងតែគាំទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាពជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មក្នុងបណ្តាប្រទេសមួយចំនួនដែលមានសង្រ្គាម។
ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពនេះ គឺជាយន្តការថ្មីមួយទៀតដែលបន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹងនិងស្តារឡើងវិញនូវស្ថិរភាព សន្តិភាព ក្នុងតំបន់ជាច្រើនដែលមានជម្លោះឬសង្គ្រាម រួមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។
ក្តីសង្ឃឹមបែបនេះរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្ហាញប្រាប់ពិភពលោក ខណៈដែលកងកម្លាំងប្រដាប់អាវុធថៃ កំពុងកាន់កាប់ទីតាំងមួយចំនួននៅតាមព្រំដែន ហើយដែលកន្លែងខ្លះបានចូលជ្រៅមកក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតវ៉ាជំទាស់យ៉ាងខ្លាំងប្រឆាំងនឹងការរំលោភបំពានលើបូរណភាពទឹកដីរបស់ខ្លួន។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ជាពិសេសសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ដើម្បីធានាសន្តិភាពយូរអង្វែងនៅតាមព្រំដែន និងអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ៕
ដោយ៖ពលជ័យ