ក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែចូលក្រុង ដើមី្បលុបបំបាត់នូវភាពអាណាធិបតេយ្យ ចំពោះរថយន្ត និង គោយន្តកែច្នៃដឹកដី ដែលមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែចូលក្រុង
ដើមី្បលុបបំបាត់នូវភាពអាណាធិបតេយ្យ ចំពោះរថយន្ត និង គោយន្តកែច្នៃដឹកដី ដែលមិនគោរពទៅតាមការណែនាំរបស់ អាជ្ញាធរ ខេត្ត ក្រុង ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន អនាម័យសុខភាពនៅតាមដងផ្លូវ ដោយការធ្លាក់ដីដែលជាប់កង់រថយន្ត និង ដឹកដី ពោហៀរធ្លាក់ពីរថយន្តតាមដងផ្លូវ ដែលបង្កឲ្យមានធូលី ហ៊ុយនៅតាមដងផ្លូវជាតិលេខ៦ និង ដងវិថីមួយចំនួនក្នុងក្រុងធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ទៀតផង ។ ដោយបញ្ហាទាំងនេះហើយ ឯកឧត្តមអភិបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការក្តៅជាបន្ទាន់ ក្នុងការលុបបំបាត់នូវភាពអាណាធិបតេយ្យរថយន្តដឹកជញ្ជូនដីចូលក្រុង មិនគោរពការណែនាំរបស់ខេត្តនោះ នៅរសៀលថ្ងៃទី ២៥ ខែ មេសានេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានដឹងនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ ដែលមានលោកស្នងការរងខេត្ត មន្ទីរជំនាញមានការពាក់ព័ន្ធ ដោយសហការជាមួយអាជ្ញាធរស្រុកប្រាសាទបាគង និង អធិការនគរបាលស្រុក ចុះធ្វើការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតត្រង់ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ក្នុងសកម្មភាពក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែនេះ យើងបានសង្កេតឃើញថា មានរថយន្តមួយចំនួន បានចូលមកឲ្យធ្វើការត្រួតពិនិត្យ ពីក្រុមគណៈកម្មការចម្រុះខេត្ត ហើយមួយចំនួនក៏បានធ្វើការបើកគេចពីសមត្ថកិច្ច ធ្វើការត្រួតពិនិត្យទៀតផង ។ ក្នុងដែរក្រុមការងារទៅតាមជំនាញ ក៏បានធ្វើការអប់រំ ណែនាំ ដល់អ្នកបើកបរ ឬ ម្ចាស់រថយន្ត ក៏ដូចក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ បានដឹកជញ្ជូនចេញពីការដ្ឋានរ៉ែ ឆ្ពោះទៅកាន់គោលដៅ ក្នុងបំណងពាណិជ្ជកម្មរបស់ខ្លួន ដែលបានបង្កឲ្យមានការប៉ះពាល់ដល់បរិស្ថានធ្ងន់ ធ្ងរ និង ការដឹកជញ្ជូនហួសការកំណត់ ដែលធ្វើឲ្យធ្លាក់ជ្រុះនៅតាមដងផ្លូវ និង ប៉ះពាល់សុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរណ៍ ព្រមទាំងបង្កដល់គ្រោះថ្នាក់ទៀតផង ។ ក្នុងនោះក្រុមការងារក៏បានធ្វើការឃាត់នូវរថយន្តបានចំនួន ១៣គ្រឿង ក្នុងនោះរថយន្តអត់មានឈៀក ចំនួន ០៤គ្រឿង ដែលបានដឹកជញ្ជូនធនធានរ៉ែ (ដីស ដីក្រហម ខ្សាច់ ថ្ម ) ដែលខុសលក្ខណ:បច្ចេកទេស ដូចជាដឹកលើសទម្ងន់ ហៀរកម្ពប់ធ្លាក់តាមដងផ្លូវ ។ 
ក្នុងនោះដែរផ្នែកកម្លាំងនគរបាលគ្រឿងញៀន ក៏បានធ្វើតេសទឹកនោម ចំពោះអ្នកបើកបរទាំង១៣រថយន្ត ដោយរកឃើញមានអ្នក ផ្ទុកសារធាតុញៀនក្នុងខ្លួន ១នាក់ ហើយត្រូវបានកម្លាំងនគរបាលជំនាញធ្វើការឃាត់ខ្លួន ដើមី្បធ្វើការបញ្ជូនខ្លួនទៅកាន់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនផងដែរ ។  ចំពោះបងប្អូនដែលគ្មានសារធាតុញៀនក្នុងខ្លួន ក៏ត្រូវបានក្រុមការងារធ្វើការណែនាំឲ្យបានយល់អំពី ច្បាប់ក្នុងការដឹកជញ្ជូនធនធានរ៉ែ ច្បាប់ធ្វើអាជីវកម្ម និង ត្រូវធ្វើការបំពាក់នូវភ្លើងសញ្ញាចរាចរណ៍ និង ភ្លើងបំភ្លឺផ្លូវឲ្យបានគ្រប់លក្ខណៈ ព្រមទាំងបានធ្វើកំណត់ហេតុ និង កិច្ចសន្យាជាមួយម្ចាស់រថយន្ត ហើយឲ្យយករថយន្តត្រឡប់ទៅកាន់ការដ្ឋានវិញ ដើម្បីកាយទំលាក់អាចម៌ដីដែលលើសនោះ ហើយគ្របឲ្យបានត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេសមុននឹងដឹកចេញពីការដ្ឋានចូលទៅក្នុងក្រុង ។ ក្នុងនោះ ក្រុមការងារក៏បានបញ្ជាក់ ចំពោះម្ចាស់ និង អ្នកបើកបររថយន្តដឹកជញ្ជូនធនធានរ៉ែទាំងអស់ ពេលដែលរថយន្តរបស់ខ្លួនដឹកជញ្ជូនដីចេញពីការដ្ឋាន មកដល់ផ្លូវជាតិ គឺត្រូវធ្វើការបោសជម្រះដីនៅជាប់រថយន្ត មុនពេលបន្តដំណើរដឹកជញ្ជូនចូលទៅក្នុងក្រុង ដើមី្បជៀស វាងការធ្លាក់ដីនៅតាមដងផ្លូវ ដែលធ្វើឲ្យខូចនូវសោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រ ដែលជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភព លោក ចូលមកទស្សនាកម្សាន្ត ហើយក៏ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ  ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner