កម្ពុជា-ជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន

កម្ពុជា និងជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន តាមរយៈដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ក្រោយពេលត្រឡប់ពីទស្សនកិច្ចនៅប្រទេសជប៉ុន ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ ដែលគ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ ក្នុងគោលបំណង លើកកម្ពស់ការការពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខារវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម Hirotaka Ishihara រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន និងបានផ្តោតលើ ការពង្រីកយន្តការឥណទានរួម (JCM) និងគម្រោងជីវម៉ាស់, ការពង្រឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអាស៊ាន,
និងការគាំទ្រផែនការបន្ស៊ាំជាតិរបស់កម្ពុជា រួមទាំងប្រព័ន្ធប្រកាសអាសន្នជាមុន។

ក្រៅពីនេះ កិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ក៏ផ្តោតទៅលើការកែលម្អការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ, ការលើកកម្ពស់ការប្រើប្រាស់ថង់ជីវម៉ាស់ដែលអាចរលាយបាន និង ការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងឧទ្យានជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រតិភូកម្ពុជា បានទៅទស្សនារោងចក្រផលិតឡដុតកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិក ដែលដំណើរការដោយមិនបញ្ចេញផ្សែង។ កម្ពុជាបានពិនិត្យ និងបានបញ្ជាទិញដើម្បីយកមកប្រើប្រាស់ គោលដៅធានាឱ្យបានថា នៅតាមបណ្តាស្រុកនីមួយៗនឹងមានឡដុតសំណល់មួយនាពេលអនាគត។

កម្ពុជាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ខ្លួន រួមទាំងគោលដៅជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម និងសំណល់ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កម្ពុជាកំពុងជំរុញយុទ្ធនាការអាទិភាពដែលធានាការកាត់បន្ថយសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ី។
កម្ពុជានឹងមានឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ទំនើប ដែលផ្ដល់ភាពងាយស្រួលក្នុងការតាមដានគុណភាពខ្យល់ និងអាចវិភាគរកសារធាតុពុល សារធាតុវិទ្យុសកម្ម សារធាតុគីមីផ្សេងៗនៅក្នុងខ្យល់។

ក្នុងដំណើរទស្សនកិច្ចលើកនេះនៅប្រទេសជប៉ុន ក្រសួងបរិស្ថានក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដាច់ដោយឡែកមួយជាមួយសហព័ន្ធសមាគម Shiho-Shoshi របស់ជប៉ុន ដើម្បីពង្រឹងអភិបាលកិច្ចបរិស្ថាន និងការអនុវត្តច្បាប់ផងដែរ។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនាឧទ្យានជាតិ Fuji-Hakone-Izu និងតំបន់ការពារ Mishima Skywalk ដើម្បីសិក្សាពីគំរូគ្រប់គ្រងឧទ្យានជាតិ និងទេសចរណ៍ធម្មជាតិដែលទទួលបានជោគជ័យរបស់ជប៉ុន៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner