ឯឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជើញចុះសួរសុខទុក្ខអាជីវករក្នុង ផ្សារក្រុងបានលុង
រតនគិរី៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពលក់ដូររបស់បងប្អូនអាជីវករក្នុងផ្សារក្រុងបានលុង។ ក្នុងឱកាសនោះដែរ ឯកឧត្តមសម្តែងនូវភាពស្និទ្ធស្នាលជាមួយបងប្អូនអាជីវករ និងបានបង្ហាញពីស្នាមញញឹមរួសរាយរាក់ទាក់ឲ្យគ្នាទៅវិញទៅមកក្នុងម្លប់នៃសុខសន្តិភាពរបស់ប្រទេសជាតិ។
នៅគ្រប់តូបលក់ទំនិញ ដែលឯកឧត្តមបានអញ្ជើញដល់ ឯកឧត្តមកបានណែនាំឲ្យបងប្អូនអាជីវករ ធ្វើយ៉ាងណាត្រូវចេះទុកដាក់សំរាមឲ្យបានល្អ ដើម្បីជៀសវាងកុំឲ្យមានបរិស្ថានមិនស្អាតកន្លែងលក់ដូរ។ ចំណែកបងប្អូនលក់គ្រឿងឧបភោគបរិភោគដូចជា បន្លែ ត្រី សាច់ ត្រូវមានអនាម័យឲ្យបានជាប់ជាប្រចាំផងដែរ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ និងក្រុមអាជីវករផ្សារបានលុង បង្ហាញពីការគោរពស្រលាញ់ ឯកឧត្តម ប៊ូឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី ដែលជានិច្ចជាកាលតែងតែចុះមកជួបប្រជាពលរដ្ឋដោយផ្ទាល់ ស្វែងយល់អំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនក្រុមអាជីវករផ្សារបានលុងនេះតែម្តង៕ធ.ដ
ដោយៈ គតិ យុត្ត