មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងសន្យាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ អំឡុងជំនួបទ្វេភាគីលើកដំបូង
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យារួមគ្នាថា ប្រទេសទាំងពីរនឹងខិតខំព្យាយាមលើកកម្ពស់ទំនាក់ទំនងរវាងគ្នាឱ្យកាន់តែរឹងមាំឡើង ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅវៀតណាម កាលពីខែកុម្ភៈបានទទួលបរាជ័យ។
នៅក្នុងអំឡុងជំនួបលើកដំបូងនៅថ្ងៃព្រហស្បតិ៍តនេះ នៅឯកោះ រ៉ាស់ស្កាយ ក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តូក ស្ថិតនៅភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី លោក ពូទីន បានថ្លែងថា ខ្ញុំមានទំនុកចិត្តថា ដំណើរទស្សនកិច្ចរបស់លោក គីម មកកាន់រុស្ស៊ី នឹងជួយឱ្យពួកយើងយល់កាន់តែច្បាស់ថា ត្រូវធ្វើយ៉ាងដូចម្ដេចក្នុងការដោះស្រាយបញ្ហា នៅលើឧបទ្វីបកូរ៉េ និងអ្វីដែលរុស្ស៊ីអាចធ្វើបាន ដើម្បីជួយសម្រេចចិត្តវត្ថុបំណងនេះ។ ជាកិច្ចឆ្លើយតបវិញនោះ លោក គីម ក៏បានធ្វើការគូសបញ្ជាក់ប្រកបដោយក្តីសង្ឃឹមថា កិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងផងដែរ។
សូមជម្រាបថា មេដឹកនាំប្រទេសទាំងពីរនឹងត្រូវពិភាក្សាគ្នាពីសំណុំរឿងនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែលោក គីម ក៏ត្រូវបានគេឲ្យដឹងដែរថា នឹងស្វែងរកការធានា និងការគាំទ្រពីរុស្ស៊ី ក្រោយកិច្ចប្រជុំជាមួយលោក ដូណាល់ ត្រាំ នៅវៀតណាមបរាជ័យ។ នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយរបស់លោក គីម ជុងអ៊ុន មកកាន់រុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយកាលពីឆ្នាំ២០១១៕ធ.ដ