កម្ពុជា-ចិន អបអរខួប១០ឆ្នាំនៃដំណើរភាពយន្តចល័តកម្ពុជា-ចិន” និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន
ភ្នំពេញ៖មជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញបានប្រារព្ធ ព្រឹត្តិការណ៍ បុណ្យចូលឆ្នាំប្រពៃណីចិន អបអរ ខួប១០ឆ្នាំ នៃដំណើរភាពយន្ត ចល័ត កម្ពុជា-ចិន” និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិននៅ តាមផ្លូវថ្មើរជើងបណ្តោយ មាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ឯកឧត្តម ហាប់ ទូចរដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញ ជាអធិបតី ក្នុងពិធីអបអរខួប១០ ឆ្នាំនៃដំណើរ ភាពយន្តចល័តកម្ពុជា-ចិន” និងអបអរសាទរ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ។ព្រឹត្តិការណ៍នេះរៀបចំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២១ និង២២ ខែកុម្ភៈ។

តាមរយៈវីដេអូពីចម្ងាយ លោក អាន ស៊ាវយូ ប្រធានមជ្ឈមណ្ឌល កម្មវិធី ភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយ វិទ្យុនិង ទូរទស្សន៍ មជ្ឈិមចិន បានគូសរំលេចថា ក្នុងរយៈពេល ១០ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាព យន្តបាន ធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំង ភាពយន្តល្អៗជាង ៣០០ លើក និងមានអ្នកទស្សនាសរុបជាង១០ ម៉ឺន នាក់។
ចំណែកឯកឧត្តម ហាប់ ទូច តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ បានរំលឹកថាព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការ រំលឹកជោគជ័យ នៃការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជន និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជា យល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនតាមរយៈសាច់រឿងរបស់ភាពយន្ត។
រីឯឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ ទុកថាព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជា មោទន ភាពថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍នៃប្រទេសទាំងពីរតាមរយៈការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពលេចធ្លោ និងទាក់ទាញខ្លាំងលើឆាកអន្តរជាតិ ។
សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ដែលបានរៀបចំនៅផ្លូវថ្មើរជើង រាជធានី ភ្នំពេញ ក៏មានការចាក់បញ្ចាំង វីដេអូស្តីអំពីកម្មវិធីរាត្រី សមោសរអប អរសាទរបុណ្យចូលឆ្នាំថ្មី , វីដេអូផ្សព្វផ្សាយទេសចរណ៍កម្ពុជា , MV «បំភ្លឺពន្លឺភ្នែកផ្កាយ» , ភាពយន្តចិន មាន ចំណង ជើងថា សួស្ដី ម៉ាក់ និងភាពយន្តខ្មែរ មានចំណងជើងថា មរណៈមាតា ដោយមានអ្នក ចូលរួមទស្សនា ពីគណៈអធិបតី ភ្ញៀវ ព្រមទាំងប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ៕
ដោយ៖ង៉ាន់ ទិត្យ
