Pinex Pro បង្កើតព្រឹត្តិការណ៍ស្វែងរកអ្នកមានទេពកោសល្យផ្នែកសិល្បៈ និងសម្តែង Casting Pro Version 2
ភ្នំពេញ ៖ ក្រុមហ៊ុន Pinex Pro (Production & Studio) បានបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានឈ្មោះថា Casting Pro Version 2 ដើម្បីស្វែងរក និងផ្តល់ឱកាសដល់អ្នកមានទេពកោសល្យពីកំណើតខាងផ្នែកសិល្បៈ និងការសម្តែង ។
បេក្ខជន បេក្ខនារីចុះឈ្មោះព្រឹត្តិការណ៍នេះមានច្រើនជាង ២០០នាក់ ភាគច្រើនជាក្រុម KOL មានន័យថា ជាបុគ្គលដែលមានជំនាញច្បាស់លាស់ មានបទពិសោធន៍ច្រើន និងចំណេះដឹងទូលំទូលាយ បានមកចូលរួមបញ្ចេញទេពកោសល្យចំនួន ៣ដំណាក់កាល ។

ក្នុងនោះរួមមានការថតរូប Fashion ៖ ណែនាំដោយអ្នកជំនាញផ្នែកថតរូប ។ ការសម្តែងមុខកាមេរ៉ា ៖ ណែនាំដោយ Acting Coach ជំនាញ ។ ការសម្ភាសន៍ផ្ទាល់មាត់ជាមួយអ្នកគ្រប់គ្រងក្រុម KOL ហើយព្រឹត្តិការណ៍នេះ ដឹកនាំដោយចាងហ្វាងជំនាញក្នុងវិស័យភាពយន្ត ។
លោក ដេត វណ្ណៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Pinex Pro (Production & Studio) បានមានប្រសាសន៍ថា ថ្ងៃនេះជាឱកាសដ៏ពិសេសបំផុត ដែលក្រុមហ៊ុនរបស់លោកបានរៀបចំនូវព្រឹត្តិការណ៍មួយមានឈ្មោះថា Casting Pro Version 2 ។
លោក ដេត វណ្ណៈ បន្តថា មូលហេតុដែលក្រុមហ៊ុនរបស់លោក រៀបចំកម្មវិធីនេះឡើងសាជាថ្មីម្តងទៀត គឺដោយសារតែការបង្កើតព្រឹត្តិការណ៍ Casting Pro Version 1 កាលពី២ខែមុន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមបុគ្គលដែលមានជំនាញច្បាស់លាស់ មានបទពិសោធន៍ច្រើន និងចំណេះដឹងទូលំទូលាយ ហៅកាត់ថា KOL ដែលពួកគាត់បានមកចូលរួមប្រហែលជាជិត ១០០នាក់ ។

លោកនាយកប្រតិបត្តិបន្ថែមថា សម្រាប់ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះវិញ គឺពួកយើងទទួលបានបេក្ខជន បេក្ខនារីចួលរួមកម្មវិធី Casting រហូតដល់ទៅជាង ២០០នាក់ឯណោះ ។
លោកថា បច្ចុប្បន្នក្រុមហ៊ុន Pinex Pro កំពុងតែមើលឃើញថា សន្ទុះនៃការគាំទ្រ និងការស្រលាញ់វិស័យសិល្បៈ ជាពិសេសការបោះជំហានដំបូងរបស់ក្រុម KOL ក្មេងៗ ដែលពួកគេមានទេពកោសល្យពីកំណើត ប៉ុន្តែពួកគាត់អត់ទាន់អាចស្វែងរកនូវទ្រនំ ឬក៏រកឃើញនូវឱកាសដ៏ល្អមួយ ក្នុងការបញ្ចេញទេពកោសល្យរបស់ពួកគាត់ តាមរយៈការសម្តែងនានា ដូចជាខ្សែភាពយន្តខ្លីៗ ឬការសម្តែងនូវការផ្សព្វផ្សាយវីដេអូពាណិជ្ជកម្ម ក៏ដូចជាការធ្វើវីដេអូខ្លីៗផ្សេងៗ ។

ដូច្នេះហើយ Pinex Pro គឺជាក្រុមហ៊ុនមួយដែលអាចផ្តល់ឱកាសឱ្យពួកគាត់ ដែលមានគោលបំណង និងចក្ខុវិស័យក្នុងការសម្តែង និងបង្ហាញទេពកោសល្យរបស់ខ្លួនឯង នៅតាមបណ្តាញសង្គមផ្សេងៗ ជាពិសេសគឺនៅក្នុងបណ្តាញសង្គមផ្ទាល់របស់ក្រុមហ៊ុន Pinex Pro តែម្តង ។
លោក ដេត វណ្ណៈ បានបញ្ជាក់បន្ថែមថា ការបង្កើតព្រឹត្តិការណ៍ Casting មួយនេះ មិនត្រឹមតែជាការផ្តល់ឱកាសឱ្យប្អូនៗតែប៉ុណ្ណោះទេ ប៉ុន្តែ Pinex Pro ថែមទាំងមានចក្ខុវិស័យមួយទៀត ក្នុងការបង្កើត App Application មួយដោយខ្លួនឯង ដែលពួកយើងនឹងចាប់ផ្តើមបើកដំណើរការផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ ។

លោកនាយកប្រតិបត្តិបានឱ្យដឹងទៀតថា Pinex Pro បានកំណត់គោលដៅជ្រើសរើសសមាជិកចាប់ពី ៨០០ ទៅ ១,០០០នាក់ ដែលជាក្រុម KOL ដើម្បីមកចូលរួមជាមួយក្រុមការងាររបស់ Pinex Pro ។ លោកថា ទស្សនជនប្រាកដជាចង់ដឹងច្បាស់ ថាតើនឹងមានអ្វីថ្មីនៅក្នុងឆ្នាំ ២០២៦នេះ ដូច្នេះ លោកសង្ឃឹមថា អ្នកគាំទ្រនឹងបន្តតាមដានផេករបស់ Pinex Pro, Pinex Film និង Pinex Hub ទាំងអស់គ្នា ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Pinex Pro (Production & Studio) មានទីតាំងស្ថិតនៅផ្ទះលេខ477 ផ្លូវលេខ57BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕











