រដ្ឋផ្តល់ថវិកា១,៨លានរៀលដល់គ្រួសាគោលដៅនីមួយៗនៅខេត្តពង់ឆ្នាំង និងព្រះវិហារ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ កាលពីដើមខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដោយចាប់ផ្តើមអនុវត្តមុនគេ ក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និង ស្រុករវៀង នៃខេត្តព្រះវិហារ លើគ្រួសារគោលដៅចំនួន ៥ ០០០ គ្រួសារ ដែលមានជីវភាពក្រីក្រ មានបណ្ណសមធម៌។
នេះគឺជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម ៖ «ពង្រឹងប្រព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់» និងឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។
គោលដៅសំខាន់នៃកម្មវិធីនេះ គឺបន្តអភិវឌ្ឍមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និង កាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាស្របតាមចក្ខុវិស័យដ៏ពិសិដ្ឋរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នោះគឺ៖ «ការបង្រៀនពលរដ្ឋ ស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់» ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍កាលពីពេលថ្មីៗកន្លងទៅនេះថា កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នឹងផ្តល់ជូនគ្រួសារគោលដៅនូវថវិកាសរុបប្រមាណជិត ១,៨លានរៀល បន្ថែមលើប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាល ដែលផ្តល់ជូនពួកគាត់តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។
តាមរយៈកម្មវិធីនេះ, គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ សម្រាប់រយៈពេល ២៤ ខែ ក្នុងនោះមានការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរនិងបំណិនជីវិត, ក៏ដូចជាការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹកទាំងនោះ។ កម្មវិធីនេះក៏មានការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម, និងការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះផងដែរ។
កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នឹងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយមានគោលដៅ ជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ម៉ឺន គ្រួសារឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ សម្រាប់រយៈពេល ១០ ឆ្នាំ, ពោលគឺចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៦៕


ដោយ៖ង៉ាន់ ទិត្យ