កម្ពុជាជំរុញជាថ្មីឲ្យថៃចូលរួមបន្តអនុវត្តការងារបោះបង្គោលព្រំដែន

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានប្រកាសនៅថ្ងៃនេះថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជាបានបញ្ជូនកំណត់ទូតជាថ្មីទៅ JBC ភាគីថៃ ដោយស្នើចំនួន៤ចំណុចដូចតទៅ ៖

១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។

២- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែង និងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

៣- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែង និងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

៤- ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ឆ្នាំ២០២៦។

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner