ក្រុមអ្នជំនាញចុះស្រាវជ្រាវពីសុខភាពត្រីនៅត្រង់ដៃទន្លេអូរតាបូក និងចំណុចប្រសព្វទន្លេសេកុង
ភ្នំពេញ៖ថ្មីៗនេះក្រុមមន្រ្តីជំនាញបានចុះពិនិត្យសុខភាពទន្លេនៅចំណុចមួយចំនួនក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែងជាមួយនឹងការកំណត់អត្តសញ្ញាណត្រីដែលរស់នៅតំបន់ទាំងនេះមានសុខភាពបែបណា? មានទទួលរងផលប៉ះពាល់អ្វីខ្លះ?ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួយអន្តរាគមន៍ ក៏ដូចជាដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងទឹកទន្លេទាំងនេះ។

អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)បានឱ្យដឹងថារយៈពេល៤ថ្ងៃគិត ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញនសវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលរតនគីរី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានចុះសិក្សាស្រាវជ្រាវអំពីសុខភាពទន្លេសេសាន និងដៃទន្លេអូរតាបូក ស្រុកតាវែង ខេត្តរតនគីរី ,ទន្លេសេកុង និងចំណុចប្រសព្វទន្លេសេកុង និងសេសាននៃខេត្តស្ទឹងត្រែង ។ការសិក្សានេះដើម្បីកំណត់អត្តសញ្ញាណប្រភេទត្រី និងចរិតលក្ខណៈស៊ីចំណី និងវិភាគរកប្រភេទលោហៈរឹងក្នុងសាច់ត្រី និងទឹក (ដូចជាអាសេនិក សំណ និងបារ៉ត) របស់ពួកវានៅបណ្ដាទន្លេទាំងនេះ។

ប្រភពដដែលបន្តថា ក្រុមការងារជំនាញបានបែងចែកជា២ក្រុម ដើម្បីចុះប្រមូលសំណាកទឹក សំណាកសត្វល្អិតឥតឆ្អឹងកង និងសំណាកត្រីតាមដៃទន្លេ និងទន្លេទាំងពីរ។ចំនួនត្រីដែលទទួលបានអំឡុងពេលចុះប្រមូលទិន្នន័យមានចំនួន៣៤ប្រភេទដែលបែងចែកជាប្រភេទត្រីស៊ីសាច់ស៊ីនៅស្រទាប់កណ្តាល និងស្រទាប់បាត ដូចជាត្រីផ្ទក់ ត្រីតានេល ។ល។, ប្រភេទត្រីស៊ីស្លែ និងរុក្ខជាតិទឹក ដូចជា ត្រីក្រុស ។ល។,ប្រភេទត្រីស៊ីចំណីចម្រុះ ដូចជាសត្វល្អិតឥតឆ្អឹងកង រុក្ខជាតិទឹក ស៊ីនៅស្រទាប់លើ និងស្រទាប់កណ្តាល ដូចជាត្រីកាហែលឿង ត្រីឆ្ពិនមូល ត្រីកំពូលបាយ ។ល។

អង្គការអច្ឆរិយៈនៃទន្លេមេគង្គបញ្ជាក់ថា ចំពោះទាំងសំណាកទឹក និងត្រីទាំងអស់នេះត្រូវបានវេចខ្ចប់ និងយកមកធ្វើតេស្តបន្តនៅមន្ទីរពិសោធន៍នាទីក្រុងភ្នំពេញ៕
ដោយ៖ម៉ាដេប៉ូ






